បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាទីបំផុតអតីតប្រធានាធិបតី អាហ្គានីស្ថាន លោក Ashraf Ghani ដែលបានរត់គេចខ្លួន មុនពេលបន្តិចដែលតាលីបង់ បានចូលមកកាន់កាប់ រដ្ឋធានី កាប៊ុលនោះ គឺបានចេញមុខជាលើកដំបូង ហើយដើម្បីសុំទោស ដល់ពលរដ្ឋអាហ្គានីស្ថាន ទាំងអស់គ្នា ។
បច្ចុប្បន្នរូប លោកកំពុងវត្តមាន នៅសហភាពអារ៉ាប់នៅឡើយ ហើយលោកបានបញ្ជាក់ថា ការចាកចេញពីប្រទេសអាហ្គានីស្ថាន គឺជាការសម្រេចចិត្ត ដ៏លំបាកបំផុត មិនធ្លាប់ធ្វើឡើយ នៅក្នុងជីវិតរបស់លោក ហើយលោកពិតជាសុំទោស ចំពោះពលរដ្ឋអាហ្គានីស្ថាន ថា លោកគួរតែមានវិធីក្នុងការបញ្ចប់ បញ្ហានេះឲ្យបានផ្សេងពីនេះ ។
គួរឲ្យដឹងដែរថា លោក Ghani បានលួចចាកចេញពីប្រទេស អាហ្គានីស្ថាន គេចខ្លួនពីក្រុមតាលីបង់ នៅថ្ងៃទី១៥ ខែសីហា ហើយលោកបន្តថា មិនមានបំណងបោះបង់ពលរដ្ឋ របស់លោកដោយវិធីនេះ ទេ ប៉ុន្តែវាគឺជាជម្រើសតែមួយគត់ ដែល លោកមាន នៅពេលនោះ ។
ក្រៅពីនោះលោក ក៏បានបកស្រាយ និងបដិសេធអំពីព័ត៌មានដែរថា លោកបានចាកចេញពីប្រទេស អាហ្គានីស្ថាន មកជាមួយនឹងទ្រព្យសម្បត្តិ យ៉ាងសន្ធឹកសន្ធាប់ក្នុង ទំហំរហូត ទៅដល់១៦៩លានដុល្លារ នោះដែរ៕
ប្រែសម្រួល៖ស៊ុនលី