បរទេស ៖ ប្រទេសរុស្ស៊ី នៅចុងឆ្នាំនេះ នឹងបញ្ជូនបន្ថែមនូវរថក្រោះថ្មីចំនួន៣០គ្រឿង ឲ្យដល់មូលដ្ឋានយោធារបស់ខ្លួនមួយ នៅក្នុងប្រទេស តាជីហ្គីស្ថាន ដែលមានព្រំដែន ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត រុស្ស៊ី Interfax ។
ទីក្រុងមូស្គូ នាពេលថ្មីៗ នេះ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសតាជីហ្គីស្ថាន និងបានពង្រីកចំនួន ឧបករណ៍ យោធា នៅមូលដ្ឋាន ក្នុងប្រទេសនោះ ដែលជាមូលដ្ឋានយោធា ដ៏ធំបំផុតរបស់រុស្ស៊ី នៅបរទេស ចាប់តាំងពីអាមេរិកដកទ័ព ចេញពីអាហ្វហ្គានីស្ថាន និងពួកតាលីបង់កាន់កាប់ អំណាចមក ។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Interfax ដែលដកស្រង់សម្តី លោក Khanif Beglov ជាមេបញ្ជាការអង្គភាព រថក្រោះនៃតំបន់យោធា កណ្ដាល របស់រុស្ស៊ី បាននិយាយថា រថក្រោះទំនើបៗចំនួន៣០គ្រឿង នឹង ត្រូវដាក់ប្រចាំការ នៅមូលដ្ឋានទ័ពក្នុងប្រទេស តាជីហ្គីស្ថាន នៅចុងឆ្នាំនេះ ដើម្បីប្រើជំនួសរថយន្ត ចម្បាំងចាស់ៗ ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ មានក្តីព្រួយបារម្ភ ចំពោះការធ្លាក់ចុះសក្តានុពលក្នុងតំបន់ និងភាពអាចទៅរួច នៃពួកសកម្មប្រយុទ្ធឥស្លាម ធ្វើការជ្រៀតចូលក្នុងតំបន់ អាស៊ីកណ្ដាល ដែលទីក្រុងមូស្គូមើលឃើញថា ជាតំបន់ការពារភាគខាងត្បូង របស់ខ្លួន ៕
ប្រែសម្រួល៖ប៉ាង កុង