បរទេស៖ យន្តហោះទម្លាក់គ្រាប់ កងទ័ពអាកាសអាមេរិក B-2 Spirit នាពេលថ្មីៗនេះ ទើបបានបញ្ចប់បេសកកម្ម ហ្វឹកហាត់មួយ ជាមួយប្រទេសន័រវេស នៅពីលើដែនសមុទ្រខាងជើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពចែករំលែក ទិន្នន័យយន្តហោះចម្បាំង ជំនាន់ទី៥។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអាកាសអាមេរិក បាននិយាយប្រាប់ថា ជាផ្នែកនៃកងកម្លាំងទម្លាក់គ្រាប់បែក បេសកកម្មនោះ បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ និងរួមមានការចូលរួម ដោយយន្តហោះទម្លាក់គ្រាប់ B-2 Spirit មកពីមូលដ្ឋានទ័ពជើងអាកាស Whiteman រដ្ឋមីស៊ូរី ដែលបច្ចុប្បន្ននៅប្រចាំការ នៅមូលដ្ឋានទ័ពអាកាស Keflavik នៅអ៊ីស្លង់។
បេសកកម្មនេះ គឺត្រូវបានរចនាបង្កើតឡើង ដើម្បីរួមបញ្ចូលយន្តហោះចម្បាំង បំបាំងកាយន័រវេស F-35 Lightning II ដើម្បីតេស្តសាកល្បងដំណើរការ ហោះអមដំណើរ ការប្រើប្រាស់អាវុធ និងការបង្ក្រាបប្រព័ន្ធការពារដែនអាកាស។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោកឧត្តមសេនីយ៍ Jeff Harrigian ជាមេបញ្ជាការ កងកម្លាំងទ័ពអាកាសអាមេរិក ប្រចំានៅតំបន់អឺរ៉ុបនិងអាហ្វ្រិក បានមានប្រសាសន៍ថា “បេសកកម្មបង្ហាញឲ្យឃើញ នូវគុណតម្លៃនៃការបន្តវត្តមាន និងចំណងមិត្តភាពរបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង