ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូន រថពាសដែក និងសម្ភារៈយោធា ទៅតាហ្ស៊ីគីស្ថាន

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានបញ្ជូនរថពាសដែក ចំនួន១២គ្រឿង និងសម្ភារៈយោធាជាច្រើន ឲ្យទៅប្រទេសតាហ្ស៊ីគីស្ថាន ស្របពេល ដែលទីក្រុងមូស្គូ សម្លឹងពង្រឹងសម្ពន្ធមិត្ត នៅអាស៊ីកណ្ដាល របស់ខ្លួននេះ ដែលមានព្រំដែន ជាប់ប្រទេស អាហ្វហ្គានីស្ថាន ។

តំាងពីអាមេរិក ដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន និងពួកតាលីបង់ដណ្ដើម បានទីក្រុងកាប៊ុលមក ទីក្រុងមូស្គូ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន និង បានបន្ថែមសម្ភារៈយោធា នៅមូលដ្ឋានយោធាខ្លួន ក្នុងប្រទេសនោះ ដែលជាមូលដ្ឋានយោធា ដ៏ធំបំផុតរបស់រុស្ស៊ីនៅបរទេស ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិរុស្ស៊ីមួយ លោកឧត្តមសេនីយ៍ Yevgeny Tsindyaikin បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ទប់ទល់នឹងអស្ថិរភាព ដែលកំពុងតែកើនឡើង នៅជិតព្រំដែនភាគខាងត្បូង របស់តាហ្ស៊ីគីស្ថាននោះ យើងកំពុងតែធ្វើការងាររួមគ្នា ដើម្បីធានាសន្តិសុខ ដល់រដ្ឋរបស់យើង” ។

ក្រសួងការពារជាតិរុស្ស៊ីបន្តថា ការបញ្ជូនសម្ភារៈយោធា ដែលរួមមានទាំងឧបករណ៍ប្រយុទ្ធនិងឧបករណ៍ការពារនោះ នឹងធ្វើទំនើបកម្ម និងធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពយោធា របស់ប្រទេសតាហ្ស៊ីគីស្ថាន។

គួរបញ្ជាក់ថា ប្រទេសតាហ្ស៊ីគីស្ថាន មានព្រំដែន ជាប់ប្រទេសអាហ្វហ្គានីស្ថានប្រវែង១.៣៤៤គីឡូម៉ែត្រ ហើយភាគច្រើនគឺជាតំបន់ភ្នំ ដែលពិបាក ក្នុងការត្រួតពិនិត្យ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top