បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Carl Vinson នៅក្នុងសប្ដាហ៍នេះ បានធ្វើដំណើរចូលទៅក្នុងដែន សមុទ្រចិនខាងត្បូង សម្រាប់ជាលើកដំបូង នៅក្នុងអំឡុងប្រតិបត្តិការ បច្ចុប្បន្នរបស់ខ្លួន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា ក្នុងខណៈនៅដែន សមុទ្រចិនខាងត្បូង ដែលចិននិងប្រទេសដទៃទៀត ក្នុងតំបន់អះអាងកម្មសិទ្ធិនោះ ក្រុមវាយប្រហារនាវា ផ្ទុកយន្តហោះអាមេរិកនេះ នឹងធ្វើប្រតិបត្តិការហោះហើរ យន្តហោះ សមយុទ្ធវាយប្រហារនៅដែនសមុទ្រ ក៏ដូចជាការហ្វឹកហាត់ យុទ្ធសាស្ត្រសម្របសម្រួល រវាងអង្គភាពលើផ្ទៃសមុទ្រ និងដែនអាកាស ។
តាមសេចក្តី រាយការណ៍ ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះនេះ គឺត្រូវបានបញ្ជូនទៅកាន់តំបន់ របស់កងនាវាលេខ៧ អាមេរិក ប្រចាំនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយរួមមាននាវាផ្ទុកយន្តហោះ USS Carl Vinson នាវាផ្ទុកយន្តហោះ USS Lake Champlain នាវាពិឃាត USS Chafee និងនាវាចម្បំាង USS Tulsa។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រតិបត្តិការនោះ គឺជាផ្នែកនៃអ្វី ដែលសហរដ្ឋអាមេរិកនិយាយថា ជាវត្តមានតាមប្រក្រតី របស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
ប្រែសម្រួល៖ប៉ាង កុង