ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងតេស្ត គ្រូសមីស៊ីលយុទ្ធសាស្ត្រ អាចមានសមត្ថភាព នុយក្លេអ៊ែ

បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានតេស្តជោគជ័យគ្រូសមីស៊ីល វាយប្រហាររយៈចម្ងាយ ឆ្ងាយថ្មីមួយ កាលពីចុងសប្ដាហ៍ ហើយមីស៊ីលនេះ ត្រូវអ្នកវិភាគមើលឃើញថា អាចជាអាវុធប្រភេទ បែបនេះដំបូង ដែលមានសមត្ថភាពនុយក្លេអ៊ែ ។

កាសែតកូរ៉េខាងជើង KCNA បាននិយាយថា មីស៊ីលនោះ គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់ និងបានហោះហើរ បានចម្ងាយ៩៣០គីឡូម៉ែត្រ មុនពេលវាយប្រហារគោលដៅ និងធ្លាក់ចូលទៅក្នុងដែនទឹកកូរ៉េខាងជើង នៅក្នុងអំឡុងពេលតេស្ត សាកល្បងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។

តាមសេចក្តីរាយការណ៍ នេះបង្ហាញឲ្យឃើញ នូវសកម្មភាពតេស្តដែលគេដឹង ជាលើកដំបូង ក្នុងរយៈពេលជាច្រើន ខែមកនេះ និងបង្ហាញថា កូរ៉េខាងជើងនៅតែបន្តពង្រីក សមត្ថភាពយោធារបស់ខ្លួន ស្របពេលមានភាព ជាប់គាំង ក្នុងកិច្ចចរចានុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា គ្រូសមីស៊ីលរបស់កូរ៉េខាងជើង ជាធម្មតាបង្កើតការចាប់អារម្មណ៍ តិចជាងមីស៊ីលផ្លោង ព្រោះតែមីស៊ីលប្រភេទនេះ មិនត្រូវបានហាមឃាត់ ក្រោមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top