ព័ត៌មានអន្តរជាតិ

អាមេរិកនិងថៃ ធ្វើសមយុទ្ធហ្វឹកហាត់ នៅដែនសមុទ្រ

បរទេស៖ទ័ពជើងទឹកសហរដ្ឋអាមេរិកនិងទ័ពជើងទឹកថៃ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានប្រារព្ធធ្វើសមយុទ្ធហ្វឹកហាត់ដែនសមុទ្រប្រចាំឆ្នាំមួយ ដើម្បីពង្រឹងកិច្ចការងារនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រទេសទាំងពីរ។

សមយុទ្ធត្រៀមលក្ខណៈនិងហ្វឹកហាត់បណ្ដុះបណ្ដាលសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៧នេះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីសប្ដាហ៍មុន នៅឈូងសមុទ្រថៃ ជាសមយុទ្ធគ្មានការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យនៃជម្ងឺកូវីដ១៩។

នៅក្នុងអំឡុងពិធីមួយ លោក Anurak P មេបញ្ជាការកងអនុសេនាធំកងនាវាចម្បាំងលេខ២របស់ទ័ពជើងទឹកថៃ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការរាតត្បាតនៃជម្ងឺកូវីដ១៩ បានធ្វើឆ្នាំ២០២១គឺជាឆ្នាំដ៏លំបាកមួយ ដោយសារតែការរឹតត្បឹងសុខាភិបាលដែលដាក់ ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគ”។

លោក Anurak P តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍បន្តទៀថា “ប៉ុន្តែបើទោះជាមានឧបសគ្គ យើងក៏នៅតែអាចបញ្ចប់បានយ៉ាងជោគជ័យ នូវផែនការដែលបង្ហាញពីការខិតខំប្រឹងប្រែង និងភាពមានវិជ្ជាជីវៈ ដែលយើងបានលះបង់សម្រាប់សមយុទ្ធនេះ”។

នៅក្នុងសេចក្តីថ្លែងការណ៍នៃកងនាវប៉ាស៊ីហ្វិករបស់អាមេរិក លោកមេបញ្ជាការអាមេរិក Lauren Chatmas បានមានប្រសាសន៍ដូច្នេះថា សមយុទ្ធបានបង្ហាញពីសមត្ថភាពទ័ពជើងទឹកអាមេរិកនិងថៃ ក្នុងការធ្វើការងាររួមគ្នា ឆ្ពោះទៅរកគោលដៅរួមនៃការធានា ដល់បរិយាកាសសន្តិសុខដែនសមុទ្រនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top