វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រកាសបើកសម្ពោធភាពជា ដៃគូសន្តិសុខថ្មី ជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី ក្នុងកិច្ចប្រឹងប្រែងជាក់ស្តែង ដើម្បីប្រឆាំងឥទ្ធិពល របស់ចិន នៅក្នុងតំបន់ ដោយចាប់ផ្តើមពីកិច្ច ខិតខំប្រឹងប្រែង ដើម្បីជួយដល់ការ ដេញថ្លៃរបស់ទីក្រុងកង់បេរ៉ា ក្នុងការទិញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ។
នៅថ្ងៃនេះសេតវិមានបានឲ្យដឹងថា“ ថ្ងៃនេះយើងកំពុងបោះជំហាន ជាប្រវត្តិសាស្ត្រមួយទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ក្នុងចំណោមប្រជាជាតិ ទាំងបីរបស់យើង ពីព្រោះយើងទាំងអស់គ្នា ទទួលស្គាល់ពីភាពចាំបាច់ នៃការធានាសន្តិភាព និងស្ថិរភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងរយៈពេលវែង” ។
មន្រ្តីរដ្ឋបាលលោក បៃដិន បានសង្កត់ធ្ងន់ថា ភាពជាដៃគូ ដែលមានឈ្មោះថា“ AUKUS” ដែលតំណាងឱ្យឈ្មោះប្រទេសទាំងបី គឺមិនសំដៅលើ ប្រទេស ជាក់លាក់ណាមួយនោះទេ ប៉ុន្តែ សំដៅលើការជំរុញ ផលប្រយោជន៍ជាយុទ្ធសាស្ត្រ របស់ក្រុមដោយប្រកាន់ខ្ជាប់ នូវសណ្តាប់ធ្នាប់អន្តរជាតិ និងការលើកកម្ពស់សន្តិភាព ស្ថិរភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។
មន្រ្តីរូបនេះបានលើកឡើងថា“ នេះគឺដើម្បីបំពេញបន្ថែមនូវសន្តិសុខ និងភាពជាដៃគូនយោបាយ ដែលកំពុងកើតមាន និងមានបំណងផ្ញើសារនៃការធានា និងការប្តេជ្ញាចិត្ត ដើម្បីរក្សាជំហររារាំងដ៏រឹងមាំនៅក្នុងសតវត្សរ៍ទី ២១” ។
ក្រោមភាពជាដៃគូថ្មីប្រទេសទាំងបី នឹងលើកកម្ពស់ការ ចែករំលែកព័ត៌មាន និងបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ និងពង្រឹង សមត្ថភាពការពារជាតិ និងអន្តរប្រតិបត្តិការរួមគ្នា ដោយផ្តោតជាពិសេសលើសន្តិសុខ តាមអ៊ីនធឺណិត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាកង់ទិច។
គំនិតផ្តួចផ្តើមដំបូង នឹងមានកិច្ចខិតខំប្រឹងប្រែង រយៈពេល ១៨ ខែ ដែលពាក់ព័ន្ធនឹងប្រទេសទាំងបី ដើម្បីកំណត់អត្តសញ្ញាណ“ ផ្លូវល្អប្រសើរ” សម្រាប់អូស្ត្រាលី ក្នុងការទិញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយមេដឹកនាំ។
មន្រ្តីរូបនេះបានគូសបញ្ជាក់ ពីសារៈសំខាន់ នៃការចែករំលែកជាមួយអូស្រ្តាលី នូវបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលមានលក្ខណៈរសើបបំផុត សម្រាប់គោលបំណង ជំរុញដោយលើកឡើងថា អង់គ្លេស គឺជាប្រទេសតែមួយគត់ ដែលមានបច្ចេកវិទ្យារបស់អាមេរិក ដោយមានការរៀបចំ តាំងពីឆ្នាំ១៩៥៨ ៕
ដោយ ឈូក បូរ៉ា