បរទេស៖កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើចំណាយប្រាក់៨,៦៩ពាន់លានដុល្លារ លើកិច្ចការពារជាតិ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ដោយរួមបញ្ចូលទាំងការចំណាយលើមីស៊ីលថ្មី ដោយព្រមានពីភាពចាំបាច់បន្ទាន់ដើម្បីធ្វើទំនើបកម្មអាវុធ ក្នុងទីចំពោះមុខនៃការគម្រាមកំហែងដ៏ធ្ងន់ធ្ងរមួយ ពីប្រទេសចិន។
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នាពេលថ្មីៗនេះ បានធ្វើការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ និងការបង្កើនការចំណាយលើការពារជាតិ ជារឿងអាទិភាពមួយ ជាពិសេសនោះ ស្របពេលដែលប្រទេសចិន បង្កើនសម្ពាធយោធានិងការទូត លើកោះតៃវ៉ាន់ ដែលខ្លួនអះអាងថាជាទឹកដីមួយផ្នែករបស់ខ្លួន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Financial Post នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រាក់ថ្មីនោះ នឹងចាំបាច់ត្រូវការការអនុម័តដោយរដ្ឋសភា ជាទីដែលបក្សកាន់អំណាចរបស់លោកស្រី ត្សៃ អ៊ីងវិន មានសម្លេងភាគច្រើន ដែលមានន័យថា ការអនុម័តនេះនឹងប្រព្រឹត្តទៅបានយ៉ាងរលូន។
ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា “កុម្មុយនិស្តចិន បានបន្តវិនិយោគយ៉ាងខ្លាំង ក្នុងកញ្ចប់ថវិកាការពារជាតិ ការពង្រឹងយោធាបានកើនឡើងយ៉ាងលឿន ហើយវាជាញឹកញាប់បានបញ្ជូនយន្តហោះនិងនាវាមកលុកលុយ និងយាយីដែនសមុទ្រនិងដែនអាកាសរបស់យើង”៕ប្រែសម្រួល៖ប៉ាង កុង