ព័ត៌មានអន្តរជាតិ

បារាំង មើលឃើញវិបត្តិជុំវិញ ការលុបចោល កិច្ចព្រមព្រៀង នាវាមុជទឹក

បរទេស៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយប្រាប់ទូរទស្សន៍ France 2 នៅថ្ងៃសៅរ៍ម្សិលមិញនេះថា ប្រទេសបារាំងគិតថា វាកំពុងស្ថិតក្នុងវិបត្តិ ជាមួយសហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលី ក្រោយទីក្រុងកង់ប៉េរ៉ាបានលុបចោលកិច្ចព្រមព្រៀង បញ្ជាទិញនាវាមុជទឹករាប់ពាន់លានដុល្លារ។ 

ប្រទេសបារាំង ធ្លាប់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងហៅត្រឡប់មកវិញ នូវឯកអគ្គរាជទូតរបស់ខ្លួន ពីប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិកនិងអូស្ត្រាលី ជុំវិញកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី ដែលរួមបញ្ចូលទាំងអង់គ្លេសផង ធ្វើឲ្យប៉ះពាល់ដល់កុងត្រា នាវាមុជទឹកជាមួយប៉ារីស។ 

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្រ្តីការបរទេសបារាំងរូបនេះ ក៏បាននិយាយផងដែរថា លោកប្រធានាធិបតីបារាំង Emmanuel Macron នៅមិនទាន់បាននិយាយជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្តីពីបញ្ហានាវាមុជទឹកនេះទេ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួននឹងលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០១៦ជាមួយក្រុមហ៊ុនបារាំង Naval Group  ក្នុងការផលិតកងនាវាមុជទឹកធម្មតា និងជំនួសមកវិញ ដោយបង្កើតកងនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែតិចបំផុត៨គ្រឿង ជាមួយបច្ចេកវិទ្យាសហរដ្ឋអាមេរិកនិងអង់គ្លេស ក្រោយធ្វើកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីមួយ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top