ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងអះអាងថា កិច្ចព្រមព្រៀងនាវាមុជទឹក សហរដ្ឋអាមេរិក ជាមួយនឹងសម្ព័ន្ធភាព អាចបង្កឱ្យមានការប្រកួត ប្រជែងអាវុធ នុយក្លេអ៊ែរ

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃច័ន្ទទី ២០ ខែកញ្ញានេះបានឲ្យដឹងថា សម្ព័ន្ធភាពថ្មីរបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងកិច្ចព្រមព្រៀងគ្នា ស្តីពីនាវាមុជទឹកអាមេរិកថ្មី ជាមួយអូស្ត្រាលី អាចបង្កឱ្យមានការប្រកួតប្រជែង អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ ។

គួររំលឹកថា កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិក បានប្រកាសកិច្ចព្រមព្រៀង សន្តិសុខផ្លូវ៣ ផ្លូវថ្មីជាមួយអូស្ត្រាលី និងអង់គ្លេស ដែលជាផ្នែកមួយ នៃភាពជាដៃគូយុទ្ធសាស្ត្រ ដែលនាវាមុជទឹកនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក នឹងត្រូវផ្គត់ផ្គង់ដល់ ទីក្រុងកង់បេរ៉ា ។

ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង ហៅកាត់ថា KCNA បានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសម្នាក់ ដែលបានលើកឡើងថា “ទាំងនេះគឺជាសកម្មភាព ដែលមិនចង់បាន និងគ្រោះថ្នាក់បំផុតដែលនឹងធ្វើឱ្យតុល្យភាព យុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កឱ្យមានការប្រកួតប្រជែង អាវុធនុយក្លេអ៊ែរ ផងដែរ” ។

ប្រធានផ្នែកព័ត៌មានបរទេស នៃនាយកដ្ឋានសារព័ត៌មាន និង ព័ត៌មានរបស់ក្រសួងបានឲ្យដឹងថា “នេះបង្ហាញថា សហរដ្ឋអាមេរិក គឺជាមេពិរុទ្ធជនដែលផ្តួលរំលំប្រព័ន្ធ មិនរីកសាយភាយអាវុធ នុយក្លេអ៊ែរអន្តរជាតិ” ។

កាលពីថ្ងៃពុធប្រទេសកូរ៉េខាងជើង ដែលបំពាក់អាវុធនុយក្លេអ៊ែរបានបាញ់មីស៊ីល២គ្រាប់ចូលទៅក្នុងសមុទ្រ ដោយឡែកទីក្រុងសេអ៊ូល បានបាញ់សាកល្បង ដោយជោគជ័យនូវមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹកនាប៉ុន្មានម៉ោង ក្រោយមកដោយក្លាយជាប្រទេសទី៧ នៅលើពិភពលោក ដែលមានបច្ចេកវិទ្យាទំនើបនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top