ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប គាំទ្របារាំង ក្នុងជម្លោះនាវាមុជទឹក

បរទេស៖ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានបង្ហាញការគាំទ្រដល់ប្រទេសបារំាង ដោយមានការខឹងសម្បារ ជុំវិញរឿងកិច្ចព្រមព្រៀងនាវាមុជទឹករាប់ពាន់លានដុល្លារជាមួយអូស្ត្រាលី ដែលត្រូវបានលុបចោល នៅពេលទីក្រុងកង់ប៉េរ៉ាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខអាស៊ីប៉ាស៊ីហ្វិកត្រីភាគីមួយ ជាមួយសហរដ្ឋអាមេរិកនិងអង់គ្លេស។

កិច្ចព្រមព្រៀងសន្តិសុខ ឈ្មោះ AUKUS នោះ រួមបញ្ចូលទាំងការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ទៅឲ្យប្រទេសអូស្ត្រាលី និងបានធ្វើឲ្យជាប់គាំងចំណងមិត្តភាព រវាងបណ្ដាប្រទេសលោកខាងលិច នៅមុនចាប់ផ្តើមជួបជុំគ្នាប្រចំាឆ្នាំរបស់ថ្នាក់ដឹកនាំពិភពលោក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ។

ថ្លែងក្រោយកិច្ចប្រជុំសម្ងាត់ នៅក្រៅមហាសន្និបាត ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានមានប្រសាសន៍ថា កិច្ចសហការគ្នាកាន់តែច្រើន ការសម្របសម្រួលគ្នាកាន់តែច្រើន ការបែកបាក់គ្នាកាន់តែតិច គឺជារឿងដែលត្រូវការជាចាំបាច់ ដើម្បីធ្វើឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានស្ថិរភាពនិងសន្តិភាព។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Josep Borrell បានថ្លែងថា ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប បានបង្ហាញនូវការសាមគ្គីជាមួយបារាំងយ៉ាងច្បាស់ៗ។

លោកបានបន្ថែមយ៉ាងដូច្នេះថា “សេចក្តីប្រកាសនេះ គឺប្រព្រឹត្តទៅផ្ទុយនឹងសំណើឲ្យមានសហប្រតិបត្តិការកាន់តែខ្លាំង ជាមួយសហភាពអឺរ៉ុប ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top