បរទេស៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី បាននិយាយថា កិច្ចព្រមព្រៀងជំនួញ អូស្ត្រាលីនិងសហភាពអឺរ៉ុប នឹងផ្តល់មានផលប្រយោជន៍ ទាំងសងខាង និងអនុញ្ញាតឲ្យសមាជិកសហភាពអឺរ៉ុប មានវត្តមានកាន់តែខ្លាំងឡើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលទីក្រុងកង់ប៉េរ៉ា លុបចោលកិច្ចព្រមព្រៀងនាវាមុជទឹក ៤០ពាន់លានដុល្លារ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan នៅថ្ងៃពុធនេះ បានជំរុញសហភាពអឺរ៉ុប ឲ្យបោះជំហានទៅមុខ ជាមួយកិច្ចព្រមព្រៀងជំនួញ ដោយលោកបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀង រវាងអូស្ត្រាលីនិងសហភាពអឺរ៉ុប FTA គឺមានផលប្រយោជន៍ល្អបំផុត ដល់ភាគីទាំងអស់”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Business Hala នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានបន្ថែមទៀតយ៉ាងដូច្នេះថា “សហភាពអឺរ៉ុប នឹងប្រើប្រាស់កិច្ចព្រមព្រៀងនេះ ជាមធ្យោបាយមួយ ក្នុងការពង្រឹងវត្តមាន របស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រោះពួកគេដឹងថា តំបន់មានបន្ទុកសេដ្ឋកិច្ចពិភពលោក”។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី នៅតែមានសង្ឃឹមថា កិច្ចពិភាក្សាគ្នាស្តីពីជំនួញ នឹងនៅតែប្រព្រឹត្តទៅ បើទោះជាមានការខឹងសម្បារដ៏ខ្លាំងក្លា ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នៅពេលដែលមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុប បានប្រែជាគ្មានភាពសប្បាយចិត្តធម្មតា នៅពេលនិយាយជាមួយ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison កាលពីថ្ងៃអង្គារ ៕
ប្រែសម្រួល៖ ប៉ាង កុង
