បរទេស៖ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកប្រចាំនៅអឺរ៉ូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកនិងប្រទេសលីទុយអានី នឹងធ្វើការងារដើម្បីរក្សាសន្តិភាពទ្វីប ក្រោយប្រទេសបេឡារុសនិងប្រទេសរុស្ស៊ី ប្រារព្ធធ្វើល្បែងសង្គ្រាម និងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលយោធាមួយ។
ឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ Christopher Cavoli មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុបនិងអាហ្វ្រិក បានបន្ថែមថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត កំពុងតែផ្តោតយកចិត្តទុកដាក់ជាខ្លាំង ចំពោះមជ្ឈមណ្ដលបណ្ដុះបណ្ដាលនិងប្រយុទ្ធរួមគ្នារបស់រុស្ស៊ីនិងបេឡារុស។
នៅពេលត្រូវចោទសួរអំពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងប្រយុទ្ធរួមគ្នា ដែលបង្កើតឡើងដោយរុស្ស៊ីនិងអតីតសម្ពន្ធមិត្តសហភាពសូវៀត គឺប្រទេសបេឡារុសនោះ លោកបានឆ្លើយតបថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត បានយកចិត្តទុកដាក់ចំពោះវា ជាផ្នែកនៃការឃ្លាំមើលទាំងស្រុង ចំពោះការដាក់ឈរជើងរបស់កងកម្លាំង នៅខាងក្នុងអឺរ៉ុបនិងនៅទីជុំវិញ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានរក្សាចំណងមិត្តភាពយោធា និងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ ជាមួយប្រទេសបេឡារុស ស្របពេលដែលបណ្ដាប្រទេសលោកខាងលិច បានបដិសេធចំពោះ ប្រទេសនេះ ចាប់តាំងពីលោក Alexander Lukashenko បានបង្ក្រាបការតវ៉ាដ៏ធំមួយ ដែលធ្វើឡើងក្រោយលោកឈ្នះការបោះឆ្នោតប្រធានាធិបតី ដ៏ចម្រូងចម្រាស់មួយ៕ប្រែសម្រួល៖ប៉ាង កុង