អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប៉ូលិសតួកគី បានរឹបអូសផលិតផលវេជ្ជសាស្ត្រក្លែងក្លាយមួយចំនួនធំ បូករួមទាំងថ្នាំគ្រាប់កូវីដ-១៩ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំរបស់ប្រទេសតួកគី ។
យោងតាមសារព័ត៌មាន Cumhuriyet daily បានឱ្យដឹងថា ដោយផ្អែកលើតម្រុយបានឲ្យដឹងថា ថ្នាំកូវីដ-១៩ ក្លែងក្លាយមួយចំនួននឹងត្រូវបានដាក់លក់នៅលើទីផ្សារ ។ ស្នងការប៉ូលិសនៅក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងដូច្នេះ ។
នៅក្នុងប្រតិបត្តិការវាយឆ្មក់នេះដែរ ប៉ូលិសបានរឹបអូសផលិតផលវេជ្ជសាស្ត្រ ចំនួន៩២.១៣៩គ្រាប់ រួមទាំងថ្នាំដែលប្រើ ដើម្បីព្យាបាលជំងឺកូវីដ-១៩ផងដែរ ។
អាជ្ញាធរបានរាយការណ៍ថា ថ្នាំញៀនដែលមានតម្លៃ៤,២ លានលីរ៉ា ដែលរូបិយបណ្ណរបស់ប្រទេសតួកគី ស្មើនឹង៤៧៥,១២៣ ដុល្លារអាមេរិក ត្រូវបានផលិតដោយគ្មានលក្ខណៈសម្បត្តិល្អនោះទេ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈទៀតផង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា