វ៉ាន់ឃូវ័រ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា លោកស្រី Meng Wanzhou នាយកប្រតិបត្តិ ទូរគមនាគមន៍ចិន ត្រូវបានដោះលែងកាលពីថ្ងៃសុក្រ បន្ទាប់ពីការឃុំខ្លួនក្នុងផ្ទះ រយៈពេល៣ឆ្នាំ នៅក្នុងប្រទេសកាណាដា ក្រោយពីមានកិច្ច ព្រមព្រៀង ជាមួយក្រសួងយុត្តិធម៌អាមេរិក ដើម្បីព្យួរការចោទប្រកាន់ពីបទឆបោក ប្រឆាំងនឹងលោកស្រី ដែលបានធ្វើឲ្យវឹកវរ នៃកិច្ចទំនាក់ទំនង ទីក្រុងប៉េកាំងជាមួយក្រុងវ៉ាស៊ីនតោន និងអូតាវ៉ា ។
លោកស្រី Meng អាយុ៤៩ ឆ្នាំជាកូនស្រី របស់ Ren Zhengfei ដែលជាមហាសេដ្ឋីស្ថាបនិក ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ ទូរគមនាគមន៍ឈានមុខគេរបស់ក្រុមហ៊ុន Huawei ត្រូវបានផ្តល់ការដោះលែង នៅក្នុងសវនាការនៅទីក្រុង Vancouver នៅប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋអាជ្ញាអាមេរិក បានប្រកាសកិច្ចព្រមព្រៀងមួយ នៅទីក្រុងញ៉ូវយ៉កក្រោមការ ចោទប្រកាន់ ដែលបានព្យួរហើយនៅទីបំផុត បានទម្លាក់ចោលការចោទប្រកាន់វិញ ។
ក្រោយមក គាត់បាន ឡើង យន្តហោះបន្ទាន់ មកទៅកាន់ទីក្រុង Shenzhen ដោយវិលត្រឡប់ មកប្រទេសចិន វិញជាលើកដំបូង ចាប់តាំងពីការចាប់ខ្លួនរូបគាត់ នៅឯអាកាសយានដ្ឋានអន្តរជាតិ Vancouver តាមការបង្គាប់បញ្ជារបស់អាជ្ញាធរអាមេរិកកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ។
ឥឡូវនេះ មន្រ្តីកាណាដាអាចសង្ឃឹមថា សេរីភាពរបស់គាត់នឹងនាំឱ្យប្រទេសចិន ដោះលែងជនជាតិកាណាដា២នាក់ ដែលជាអ្នកជំនួញ គឺឈ្មោះ Michael Spavor និងអតីតអ្នកការទូតម្នាក់ទៀតឈ្មោះ Michael Kovrig ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារពីបទចារកម្ម ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីលោកស្រី Meng ត្រូវបានឃុំខ្លួននៅក្នុងអ្វីដែលអ្នករិះគន់លោកខាងលិច របស់ចិន បានដាក់ឈ្មោះថា “ការទូតចំណាប់ខ្មាំង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា