ព័ត៌មានអន្តរជាតិ

មេដឹកនាំជាន់ខ្ពស់អឺរ៉ុប អំពាវនាវឲ្យមានតម្លាភាព ក្រោយមានកិច្ចព្រមព្រៀង នាវាមុជទឹកអូស្ត្រាលី

បរទេស ៖ នៅមហាសន្និបាត អង្គការសហប្រជាជាតិ នាថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Charles Michel បានធ្វើការរិះគន់ ចំពោះកិច្ចព្រមព្រៀង អាមេរិក-អង់គ្លេស ផ្តល់ឲ្យអូស្ត្រាលី នូវបច្ចេកវិទ្យានាវាមុជទឹក ដោយនិយាយថា មានការខ្វះខាតតម្លាភាព និង ភាពស្មោះត្រង់ជាក់ស្តែង ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីដើម សប្ដាហ៍នេះ លោក Charles Michel បានចោទប្រកាន់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន ថាគ្មានភាពស្មោះត្រង់ចំពោះអឺរ៉ុប សម្រាប់ការបង្កើត កិច្ចព្រមព្រៀង ឈ្មោះ AUKUS។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ បានមានប្រសាសន៍ថា សហភាពអឺរ៉ុប គឺជាដៃគូជំនួញដ៏សំខាន់ នៅក្នុងតំបន់ឥណ្ឌូ-អឺរ៉ុប និងបានធ្វើការកត់សម្គាល់ថា ៤០ភាគរយនៃជំនួញ សហភាពអឺរ៉ុប គឺឆ្លងកាត់តំបន់នោះ ។

គួរបញ្ជាក់ថា លោក Charles Michel ជាបុគ្គលមួយរូប ក្នុងចំណោមមេដឹកនាំមួយចំនួន ដែលនិយាយនៅមហាសន្និបាត អង្គការសហប្រជាជាតិ នាថ្ងៃសុក្រសប្ដាហ៍នេះ ដោយរួមមានទាំងប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas និងប្រធានាធិបតី លីបង់ លោក Michel Aoun៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top