ព័ត៌មានអន្តរជាតិ

ស៊ែបីបង្កើនចំនួនយោធា នៅព្រំដែនជាមួយនឹង កូសូវ៉ូ

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាប្រទេសស៊ែប៊ីបានធ្វើការបង្កើនកងកម្លាំងយោធា ដែលមានលក្ខខណៈប្រុងប្រៀបរួចជាស្រេចក្នុងការប្រយុទ្ធ នៅត្រង់តំបន់ព្រំដែនជាមួយនឹងតំបន់កូសូវ៉ូក្នុងពេលដែលស្ថានភាព តានតឹងកំពុងកើនឡើង។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលក្រុមជនជាតិភាគតិចស៊ែប៊ី ដែលរស់នៅក្នុងតំបន់កូសូវ៉ូបានបិទតំបន់ព្រំដែនអស់រយៈពេល៤ថ្ងៃ មកហើយបន្ទាប់ពីអជ្ញាធរកូសូវ៉ូបានចេញបញ្ជាឲ្យមានការដោះស្លាកលេខ រថយន្តរបស់ស៊ែបីទាំងអស់ដែលធ្វើដំណើរចូលមក ក្នុងដែនដីរបស់ខ្លួននិងក៏បានបង្កើនទៅជាភាពតានតឹងរវាងគ្នារហូតមក។

កូសូវ៉ូមុននេះបន្តិចក៏បានដាក់ពង្រាយ កងកម្លាំងប៉ូលីសពិសេសរបស់ខ្លួនទៅកាន់តំបន់មានបញ្ហា និងជាតំបន់ដែលមានជនជាតិស៊ែប៊ីរស់នៅច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាប៉ុន្តែជាលទ្ធផលក៏មានកើតជាបញ្ហាប៉ះទង្គិចគ្នា ហើយជនជាតិស៊ែប៊ី៣នាក់ត្រូវបានរងអំពើហិង្សា ពីអជ្ញាធរកូសូវ៉ូ។

គួរឲ្យដឹងដែរថាសង្គ្រាម នៅតំបន់កូសូវ៉ូត្រូវបានបញ្ចប់បន្ទាប់ពីអង្គការណាតូបានចូលមកជួយ គ្រប់គ្រងហើយកូសូវ៉ូបានប្រកាសឯករាជ្យដំបូងកាលពីឆ្នាំ២០០៨ គិតចាប់តាំងតែពីសង្គ្រាមតាំងតែពីទសវត្សឆ្នាំ៩០មកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top