ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ចង់ឲ្យយោធាអាមេរិក ចាកចេញពីស៊ីរី និងអ៊ីរ៉ាក់ បន្ទាប់ពីការដកទ័ពចេញ ពីអាហ្វហ្គានីស្ថាន

បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយដោយឆ្លើយតប ទៅនឹងសំណួរមួយពីសារព័ត៌មាន CBS Newsថា ប្រទេសតួកគីចង់ ឲ្យ អាមេរិកដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសដទៃទៀត នៅក្នុងតំបន់ដូចទៅនឹងការដកទ័ពចេញ ពីអាហ្វហ្គានីស្ថានដែរ។ លោក Erdogan បានដាក់ឈ្មោះជាពិសេស ប្រទេសស៊ីរីនិងអ៊ីរ៉ាក់ថា ប្រទេសទាំងពីរដែលទីក្រុងវ៉ាស៊ីនតោន គួរតែបញ្ចប់វត្តមានយោធារបស់ខ្លួន តាមទស្សនៈរបស់លោក។ ប្រធានាធិបតីតួកគី បានស្នើថាការផ្លាស់ប្តូរបែបនេះ នឹងលើកកម្ពស់សន្តិភាពនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលសួរដោយ CBS News ថាតើលោក Erdogan ធ្លាប់លើកឡើងពីបញ្ហា នៃការដកទ័ពចេញពីប្រទេសស៊ីរី ជាមួយប្រធានាធិបតីអាមេរិកប៊ីដិនដែរឬទេ ប្រធានាធិបតីតួកគីបាននិយាយថា គាត់មិនដែលបានស្នើប្រធានាធិបតីអាមេរិក អំពីរឿងនេះទេនៅពេលជួបគ្នា នៅទីក្រុងព្រុចសែល។ លោក Recep Tayyip Erdogan បានបន្ថែមថាលោកនិងបៃដិន ភាគច្រើនផ្តោតលើអាហ្វហ្គានីស្ថាន នៅក្នុងការសន្ទនារបស់ពួកគេ។

សូមជម្រាបថា កងទ័ពអាមេរិកនិងណាតូ បានដកថយពីអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃទី ៣០ ខែសីហា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកចូបៃដិន ប្រកាសបញ្ចប់សង្គ្រាមជិត ២០ ឆ្នាំ។ ទោះយ៉ាងណាការដកនេះ ត្រូវបានសម្គាល់ដោយភាពច្របូកច្របល់ ខណៈដែលជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើន ដែលបានជួយសម្ព័ន្ធភាព នៅតែត្រូវបានបោះបង់ចោល នៅក្នុងប្រទេសដែលតាលីបង់ចាប់បាននេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top