បរទេស៖រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការរិះគន់តួកគីពីបទជួយដល់ពួកបះបោរ នៅក្នុងតំបន់ភាគពាយព្យប្រទេស នៅក្នុងសង្គ្រាមស៊ីវិលដ៏វែងរបស់ប្រទេស ដែលបានចាប់ផ្តើមកើតមានឡើង នៅក្នុងឆ្នាំ២០១១។
លោក Faisal Mekdad បានថ្លែងយ៉ាងដូច្នោះ នៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។ ប្រទេសរុស្ស៊ីឈរនៅខាងរដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធនឹងពួកបះបោរ ចំណែកប្រទេសតួកគី បានគ្រប់គ្រងលើផ្នែកប្រទេសស៊ីរីភាគខាងជើង តាំងពីឆ្នាំ២០១៦មកនោះ បានថ្កោលទោសរដ្ឋាភិបាលស៊ីរី សម្រាប់សង្គ្រាមស៊ីវិលក្នុងប្រទេស។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសស៊ីរីរូបនេះ បាននិយាយថា កងកម្លាំងតួកគីនិងសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ដោយខុសច្បាប់ ព្រមទាំងបន្តធ្វើប្រតិបត្តិការពួកគេនៅក្នុងប្រទេសនេះទៀតផង។ លោកបន្តថា កងទ័ពទាំងនោះ គួរតែចាកចេញពីប្រទេសស៊ីរី ដោយគ្មានលក្ខខណ្ឌណាមួយនោះឡើយ។
គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ីរី ជារឿយៗបានហៅពួកបះបោរនិងក្រុមប្រយុទ្ធប្រឆាំងរដ្ឋាភិបាល ថាជាក្រុមភេរវកម្ម ព្រមទាំងបានអំពាវនាវឲ្យអង្គការសហប្រជាជាតិបញ្ចប់សកម្មភាពនៃកងកម្លាំងតួកគីនិងសហរដ្ឋអាមេរិក នៅខាងក្នុងប្រទេសស៊ីរីផងដែរ៕ប្រែសម្រួល៖ប៉ាង កុង