បរទេស៖ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបញ្ជូនកងកម្លាំងជំនួយ ទៅកាន់ទីកន្លែងពួកឧទ្ទាមកាន់កាប់ចុងក្រោយ នៅប្រទេសស៊ីរីភាគពាយព្យ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារតាមអាកាសនៅទីនោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅមុនពេល៣ថ្ងៃ ដែលមេដឹកនាំទំាងពីរ គឺលោក វ៉្លាឌីមៀរ ពូទីន និងលោក Tayyip Erdogan នឹងត្រូវជួបពិភាក្សាគ្នា។
ប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាក្រុមប្រឆំាងនិងយោធា បាននិយាយថា យន្តហោះរុស្ស៊ី បានទម្លាក់គ្រាប់បែកលើភូមិនានា នៅជុំវិញទីក្រុង Afrin កាលពីថ្ងៃអាទិត្យ ធ្វើការបង្កើនការវាយប្រហារតាមអាកាស ទៅលើទីក្រុងនិងភូមិ ដែលពួកឧទ្ទាមគាំទ្រដោយតួកគីកាន់កាប់។
យុទ្ធនាការទម្លាក់គ្រាប់រុស្ស៊ីនេះ បានចាប់ផ្តើមពីតំបន់ Jabal al Zawya ក្នុងខេត្ត Idlib ឆ្ពោះទៅកាន់តំបន់ Afrin ស្ថិតនៅទិសពាយព្យ ជិតព្រំដែនតួកគី ជាមួយការបាញ់គ្រាប់ផ្លោងពីកងប៉ុស្តិ៍កងទ័ពស៊ីរី ដែលជួយដោយកងជីវពលគាំទ្រដោយអ៊ីរ៉ង់។
គួរបញ្ជាក់ថា ការបង្កើនការវាយប្រហារនេះ គឺត្រូវបានធ្វើឡើង នៅមុនប៉ុន្មានថ្ងៃប្រធានាធិបតីតួកគី ត្រូវគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី នៅក្នុងទីក្រុង Sochi នាថ្ងៃពុធ ដើម្បីពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងកាលពីឆ្នាំមិញ បានបញ្ចប់ការវាយលុកពីកងទ័ពស៊ីរីគាំទ្រដោយរុស្ស៊ី៕

