ព័ត៌មានអន្តរជាតិ

ពួកតាលីបង់៖កូនដ្រូនអាមេរិក ត្រូវតែឈប់ចូលក្នុង ដែនអាកាសអាហ្វហ្គានីស្ថាន

បរទេស៖ពួកតាលីបង់ នៅថ្ងៃពុធនេះ បានព្រមានពីការមានផលវិបាកអវិជ្ជមាន ប្រសិនបើសហរដ្ឋអាមេរិក មិនឈប់ហោះហើរកូនដ្រូននៅលើដែនអាកាសអាហ្វហ្គានីស្ថានទេនោះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Indian Expresss។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ ពួកតាលីបង់ បាននិយាយថា សហរដ្ឋអាមេរិក បានរំលោភបំពានសិទ្ធិនិងច្បាប់អន្តរជាតិ ក៏ដូចជាការប្តេជ្ញារបស់ខ្លួន ដែលធ្លាប់បានធ្វើចំពោះពួកតាលីបង់ នៅក្នុងទីក្រុងដូហា ប្រទេសកាតា ដោយការធ្វើប្រតិបត្តិការកូនដ្រូន នៅអាហ្វហ្គានីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គមធ្វីតធ័រនោះ ពួកតាលីបង់បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិក បានរំលោភបំពានសិទ្ធិនិងច្បាប់អន្តរជាតិ ព្រមទាំងការប្តេជ្ញាដល់បានឲ្យដល់ពួកតាលីបង់ក្នុងទីក្រុងដូហា ប្រទេសកាតា ដោយការធ្វើប្រតិបត្តិការកូនដ្រូនទាំងនេះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន”។

ពួកតាលីបង់បានបន្តទៀតយ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យបណ្ដាប្រទេសទាំងអស់ ជាពិសេសនោះ គឺសហរដ្ឋអាមេរិក ឲ្យប្រព្រឹត្តចំពោះប្រទេសអាហ្វហ្គានីស្ថាន ដោយគិតដល់សិទ្ធិ ច្បាប់និងការប្តេជ្ញាអន្តរជាតិ ដើម្បីទប់ស្កាត់មិនឲ្យមានផលវិបាកអវិជ្ជមានណាមួយ”៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top