ព័ត៌មានអន្តរជាតិ

លោក ពូទីន និងប្រធានាធិបតីតួកគី ពិភាក្សាគ្នាអំពីបញ្ហាស៊ីរី និងកិច្ចព្រមព្រៀងការពារជាតិ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីតួកគី នៅថ្ងៃពុធនេះ បានចាប់ផ្តើមកិច្ចពិភាក្សាគ្នា ស្តីពីការទប់ស្កាត់មិនឲ្យមាន អំពើហិង្សាជាថ្មី នៅក្នុងប្រទេសស៊ីរីភាគពាយព្យ និងស្តីពីលទ្ធភាពពង្រីកការលក់ ប្រព័ន្ធការពារយោធា របស់ទីក្រុងមូស្គូ ឲ្យទៅទីក្រុងអង់ការ៉ា បើទោះជាមានការប្រឆាំងពីអាមេរិក។

កិច្ចពិភាក្សាគ្នានេះ កំពុងតែធ្វើឡើងនៅទីក្រុង Sochi ហើយវិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន កំពុងបញ្ចប់ធ្វើចត្តាឡីស័ក ពាក់ព័ន្ធមេរោគកូរ៉ូណា ដោយការជួបពិភាក្សាគ្នា ជាមួយលោកប្រធានាធិបតីតួកគី Tayyip Erdogan។

តាមសេចក្តីរាយការណ៍ នៅមុនកិច្ចពិភាក្សាគ្នានេះ ក្រុមមន្ត្រីតួកគីបាននិយាយថា លោក Tayyip Erdogan នឹងជំរុញលោក ពូទីន ឲ្យវិលត្រឡប់ទៅរកបទឈប់បាញ់គ្នា ដែលបានព្រមព្រៀងគ្នា កាលពីឆ្នាំមិញ ដើម្បីបងញ្ចប់ការវាយប្រហារ របស់រុស្ស៊ី និងកងទ័ពស៊ីរី ទៅលើក្រុមប្រយុទ្ធគាំទ្រ ដោយតួកគី នៅក្នុងតំបន់ Idlib ប្រទេសស៊ីរី។

នៅពេលចាប់ផ្តើមកិច្ចពិភាក្សាគ្នា លោកប្រធានាធិបតីតួកគី បាននិយាយប្រាប់លោក ពូទីន យ៉ាងដូច្នេះថា “វិធានការដែលយើងធ្វើឡើងរួមគ្នា ចំពោះប្រទេសស៊ីរី មានសារៈសំខាន់ជាខ្លាំង។ សន្តិភាពនៅទីនោះ គឺពឹងផ្អែកលើចំណងមិត្តភាពតួកគី និងរុស្ស៊ី”។

ក្រៅពីនោះ ទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 បន្ថែមរបស់តួកគី ក៏ស្ថិតនៅលើរបៀបវារៈផងដែរ ហើយនេះជារឿង ដែលទីក្រុងវ៉ាស៊ីនតោន មានការជំទាស់ប្រឆាំងជាខ្លាំង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top