ព័ត៌មានអន្តរជាតិ

អាមេរិក និងសហភាពអឺរ៉ុប នឹងបង្កើន សហប្រតិបត្តិការ តាមរយៈបច្ចេកវិទ្យា

បរទេស ៖ មន្ត្រីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នឹងប្រារព្ធជំនួបលំដាប់ខ្ពស់ រយៈពេល២ថ្ងៃ នៅក្នុងទីក្រុង Pittsburgh នាសប្ដាហ៍នេះ ក្នុងកិច្ចប្រឹងប្រែង ស្តារឡើងវិញ នូវចំណងមិត្តភាព ដែលខូចខាត ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ និងជំរុញបង្កើនសហប្រតិបត្តិការ លើបញ្ហាបច្ចេកវិទ្យា ។

កិច្ចពិភាក្សាគ្នានេះ នឹងត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តំណាងពាណិជ្ជកម្ម លោក Katherine Tai និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោកស្រី Gina Raimondo ចំណែកភាគីអឺរ៉ុប គឺដឹកនាំដោយអនុប្រធានប្រតិបត្តិសហភាពអឺរ៉ុប លោក Margrethe Vestager និងលោក Valdis Dombrovskis។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Ibtimes នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សេតវិមាន បាននិយាយថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប គឺជាដៃគូមិនអាចខ្វះគ្នាបាន ក្នុងគោលដៅលើកកម្ពស់ភាព រីកចម្រើនសេដ្ឋកិច្ចរួមគ្នា។

គួរបញ្ជាក់ថា ពេលវេលា នៃកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យា ហៅកាត់ថា TTC នេះ គឺមានសារៈសំខាន់ ដោយប្រារព្ធធ្វើឡើង ស្របពេលមានភាពខ្វះខាតបន្ទះឈីបពិភពលោក ។

ក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យា TTC នេះ គឺបានកើតឡើងពីជំនួបកំពូល របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅក្នុងទីក្រុងព្រួចសែល កាលពីខែមិថុនា ដោយលោកមានបំណង ជួសជុលភាពជាដៃគូ និងបានសម្រេចកិច្ចព្រមព្រៀង ដើម្បីលុបបំបាត់ជម្លោះរវាងក្រុមហ៊ុន Airbus និងក្រុមហ៊ុន Boeing ដោយព្យួរពន្ធគយលើភាគីទាំងពីរ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top