ព្រុចសែល ៖ អ្នកនាំពាក្យបានឲ្យដឹងថា គណៈកម្មការអឺរ៉ុប បានពន្យារពេលការចរចា ពាណិជ្ជកម្មសេរីជាមួយ អូស្ត្រាលី រយៈពេលមួយខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
ការសម្រេចចិត្តនេះ បានកើតឡើងបន្ទាប់ពីមានជម្លោះរវាងភាគី ទាំងពីរជុំវិញការសម្រេចចិត្ត របស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការលុបចោលកិច្ចព្រមព្រៀង នាវាមុជទឹកតម្លៃរាប់ពាន់លាន អឺរ៉ូជាមួយប្រទេសបារាំង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជំនួសវិញជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។
អ្នកនាំពាក្យ របស់គណៈកម្មការអឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី Miriam Garcia Ferrer បានលើកឡើងថា“ ការចរចាលើកក្រោយត្រូវ បានពន្យារពេលមួយខែ។ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយដោយបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ប៉ុន្មានថ្ងៃមុននេះ។
នៅពេលសួរថា តើវាជាការសងសឹក របស់សហភាពអឺរ៉ុប ប្រឆាំងអូស្រ្តាលី ឬយ៉ាងណាអ្នកនាំពាក្យ របស់គណៈកម្មការនេះ អ្នកនាំពាក្យបានឆ្លើយតបថា “សហភាពអឺរ៉ុប មិនស្ថិតនៅក្នុងការធ្វើអាជីវកម្មដាក់ ទណ្ឌកម្មអ្នកណាម្នាក់ឡើយ ។ អូស្ត្រាលី គឺជាដៃគូ របស់សហភាពអឺរ៉ុប ។ យើងមានការចរចាពាណិជ្ជកម្មជាបន្ត ខ្លឹមសារនៃការចរចា គឺជារឿងមួយដែលពាក់ព័ន្ធនឹង ការខិតខំប្រឹងប្រែងបន្ថែមទៀត ដូច្នេះវាមិនមែនជារឿង ធម្មតាទេ ដែលការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើង” ។
លោកស្រី Garcia Ferrer បានទទូចថាការពន្យាពេលនេះ មិនមែនមានន័យថា បញ្ចប់ការចរចានោះទេដោយបន្ថែមថា មានបញ្ហាមិនទាន់ សម្រេចមួយចំនួន ដូចជាការចូលទៅកាន់ ទីផ្សារច្បាប់ ប្រភពដើម កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។
លោកស្រីបានបន្ដថា“ មានការងារច្រើនណាស់ ដែលត្រូវធ្វើនៅផ្នែកទាំងនោះ ដូច្នេះហើយទើបយើង ត្រូវការពេលវេលាបន្ថែម ដើម្បីឆ្លុះបញ្ចាំងពីដំណាក់ កាលបន្ទាប់” ៕
ដោយ ឈូក បូរ៉ា