បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ចិនជាខ្លាំង ក្រោយទីក្រុងប៉េកាំង ប្រារព្ធពិធីអបអរទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាមួយការបញ្ជាយន្តហោះយោធាជាច្រើនគ្រឿង ហោះហើរចូលទៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា កាលពីថ្ងៃសុក្រម្សិលមិញនេះ យន្តហោះចម្បាំងតៃវ៉ាន់ បានហោះចេញយ៉ាងប្រញាប់ប្រញាល់ ដើម្បីទប់ទល់នឹងយន្តហោះចិនចំនួន៣៨គ្រឿង ដោយធ្វើការព្រមានឲ្យយន្តហោះចិនទាំងនោះចាកចេញ ទន្ទឹមនឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីល ដើម្បីឃ្លំាមើលពួកវាផងដែរ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃសៅរ៍នេះថា “ប្រទេសចិនបានចូលរួមយ៉ាងសកម្ម ក្នុងការឈ្លានពានយោធា ធ្វើឲ្យប៉ះពាល់ដល់សន្តិភាពក្នុងតំបន់”។
គួរបញ្ជាក់ថា សកម្មភាពយន្តហោះយោធាចិនដ៏ធំនេះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលមិនដល់មួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលចិន ធ្វើការវាយប្រហារលើរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ដោយធ្វើការបំផុសពាក្យពេចន៍មេដឹកនាំបដិវត្តន៍ចិន លោក ម៉ៅ សេទុង ថ្កោលទោសលោក Joseph Wu ថាជាសត្វរុយស្រែកយំមួយក្បាល ពាក់ព័ន្ធកិច្ចប្រឹងប្រែងរបស់លោក ដើម្បីលើកកម្ពស់តៃវ៉ាន់លើឆាកអន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង