បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ មានប្រសាសន៍ថា លោកនឹងដកខ្លួនពីគម្រោង ដែលបានប្រកាសថា នឹងឈរជាបេក្ខភាពអនុប្រធានាធិបតី នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំក្រោយ ហើយលោកនឹងចូលនិវត្តន៍ ពីនយោបាយ ក្រោយចប់អាណត្តិនេះរបស់លោក។
លោក ឌូតឺតេ បានប្រកាសការសម្រេចចិត្ត ដ៏គួរឲ្យភ្ញាក់ផ្អើលននេះ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរួមដំណើរជាមួយលោក Bong Go ជាអតីតជំនួយការដ៏យូររបស់លោក ដែលបានដាក់ពាក្យឈរជា បេក្ខភាពអនុប្រធានាធិបតី នៅមជ្ឈមណ្ឌលរៀបចំ ការបោះឆ្នោត ជំនួសវិញ។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន ត្រូវបានរដ្ឋធម្មនុញ្ញកម្រិតឲ្យកាន់តំណែង ត្រឹមតែមួយអាណត្តិមានរយៈពេល៦ឆ្នាំ ហើយគូប្រជែងនានា បាននិយាយថា ពួកគេនឹងចោទសួរពីភាពស្របច្បាប់ នៃការឈរឈ្មោះជាបេក្ខភាព អនុប្រធានាធិបតីរបស់លោក ឌូតឺតេ នៅចំពោះមុខតុលាការកំពូល។
លោក ឌូតឺតេ បានឡើងកាន់តំណែង ជាប្រធានាធិបតី នៅក្នុងឆ្នាំ២០១៦ និងបានបើកការបង្ក្រាប លើគ្រឿងញៀនខុសច្បាប់ បានធ្វើឲ្យជនសង្ស័យជាង៦.០០០នាក់ស្លាប់បាត់បង់ជីវិត និងធ្វើឲ្យរដ្ឋាភិបាលលោកខាងលិច និងក្រុមសិទ្ធិមនុស្ស មានការព្រួយបារម្ភ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងតែស៊ើបអង្កេតការស្លាប់ទាំងនោះ៕ ប្រែសម្រួល៖ប៉ាង កុង