បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នាពេលបច្ចុប្បន្ននេះ កំពុងតែពិចារណាទិញយកបច្ចេកវិទ្យា ការពារជាតិនិងនុយក្លេអ៊ែ ពីប្រទេសរុស្ស៊ី ហើយនេះជាការធ្វើឲ្យឃើញកាន់តែច្បាស់ ពីការបោះបង់ចោលមិនធ្លាប់មានពីមុន នៅក្នុងសម្ពន្ធមិត្តណាតូ។
អតីតសមាជិករដ្ឋសភាមកពីបក្សប្រឆាំងតួកគី លោក Aykan Erdemir ជាសហការីជាន់ខ្ពស់ នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ទំហំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលោកកំពុងតែសំដៅដល់នោះ នឹងជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ មិនមែនតែរវាងប្រទេស២ទេ ប៉ុន្តែស្ទើរតែដូចគ្នារវាងសម្ពន្ធមិត្ត២”។
លោក Tayyip Erdogan បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងមានឱកាសពិភាក្សាគ្នាយ៉ាងទូលំទូលាយ អំពីវិធានការអ្វីដែលត្រូវធ្វើ នៅក្នុងការផលិតម៉ាស៊ីនយន្តហោះ ជាវិធានការអ្វីដែលត្រូវធ្វើ ចំពោះយន្តហោះចម្បាំង”។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្តដូច្នេះថា “បញ្ហាមួយផ្សេងទៀត គឺថា យើងអាចចាត់វិធានការជាច្រើនរួមគ្នា ក្នុងការផលិតនាវា គឺយើងនឹងចាត់វិធានការរួមគ្នាជាថ្មីម្តងទៀត ជាមួយប្រទេសរុស្ស៊ី”៕ ប្រែសម្រួល៖ប៉ាង កុង