ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៥,៤៩០ ករណី រួមទាំងការចម្លងក្នុងស្រុកចំនួន ៥,៤៧៧ ករណី និងករណីនាំចូលចំនួន ១៣ ករណី នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះ។

ប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុប របស់ប្រទេសនេះកើនឡើង ដល់ ៨០៣,២០២ករណី ដោយមានអ្នកស្លាប់ចំនួន ១៩,៦០១ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង រួមមាន ២,៧២៣ករណី នៅទីក្រុងហូជីមិញ ១,៥១៧ករណី នៅខេត្តប៊ិញឌួងនិង ៥០៩ករណី នៅខេត្តដុងណៃ។
រហូតមកដល់ពេលនេះអ្នកជំងឺកូវីដ-១៩ ចំនួន ៦៦៤,៩៣៨ នាក់បានជាសះស្បើយ ដោយកើនឡើង ២៨,៨៥៧ នាក់ចាប់ពីថ្ងៃសុក្រ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត ៤៣,៧ លានដូសត្រូវបានផ្តល់ជូន ទូទាំងប្រទេស។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍វៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៧៩៨,៦២៦ ចាប់តាំងពីការចាប់ផ្តើម នៃរលកនាចុងខែមេសាកន្លងមកនេះ៕ ដោយ ឈូក បូរ៉ា
