ព័ត៌មានអន្តរជាតិ

ក្រោយក្រុងព្យុងយ៉ាង បាញ់មីស៊ីលផ្លោងហូរហែរ អាមេរិក យល់ព្រមចូលតុចរចា ជាមួយកូរ៉េខាងជើង ប៉ុន្តែមិនដាក់លក្ខខណ្ឌជាមុន

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា រដ្ឋបាលលោក Biden បានត្រៀមខ្លួនដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ជាមួយប្រទេសកូរ៉េខាងជើង ដោយគ្មានដាក់លក្ខខណ្ឌជាមុន ដែលជាការផ្លាស់ប្តូរវិធីសាស្រ្តយ៉ាងខ្លាំងមួយពីការលើកឡើង របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងពេលឃោសនាបោះឆ្នោតរបស់លោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Price ថា « យើងកំពុងសម្របសំរួលយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត រួមទាំងនៅឥណ្ឌូ-ប៉ាស៊ីហ្វិក … យើងក៏ត្រៀមខ្លួនជួបជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុន» ។

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិករូបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុនលោក Fumio Kishida បាននិយាយដូចគ្នា។ វាក៏កើតឡើងចំពេលមានទំនាក់ទំនងថ្មី រវាងកូរ៉េខាងជើង និង ប្រទេសកូរ៉េខាងត្បូង ដែលបានបើកបណ្តាញទូរស័ព្ទ បន្ទាន់អន្តរកូរ៉េរបស់ពួកគេ សម្រាប់ការទំនាក់ទំនងជាលើកដំបូង ក្នុងរយៈពេលពីរខែ ហើយបានធ្វើឱ្យមានការពិភាក្សា អំពីការប្រកាសបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៥០ និងតាមបច្ចេកទេសមិនដែលបញ្ចប់ឡើយ៕

Most Popular

To Top