បរទេស ៖ សហរដ្ឋអាមេរិក និងពួកតាលីបង់ បានប្រារព្ធធ្វើកិច្ចពិភាក្សា នៅចុងសប្ដាហ៍កន្លងទៅ ជាកិច្ចពិភាក្សាដំបូង ចាប់តាំងពីការ ដកយោធា ទាំងស្រុង របស់អាមេរិកពីអាហ្វហ្គានីស្ថាន ហើយពួកតាលីបង់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមផ្តល់ ជំនួយឲ្យអាហ្វហ្គានីស្ថាន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ពួកតាលីបង់ បាននិយាយថា ភាគីសហរដ្ឋអាមេរិក បានយល់ព្រមផ្តល់ជំនួយ មនុស្សធម៌ ដល់អាហ្វហ្គានីស្ថាន ហើយនឹងផ្តល់ទីតាំង សម្រាប់អង្គការ មនុស្សធម៌ដទៃទៀត ដើម្បីផ្តល់ជំនួយ ។
តាមសេចក្តីរាយការណ៍ ក្រសួងបានបន្តថា ពួកតាលីបង់ស្វាគមន៍ ចំពោះជំនួយនេះ និងបានធ្វើការកត់សម្គាល់ថា ខ្លួននឹងសហការ ជាមួយក្រុមមនុស្សធម៌ ក្នុងការដឹកបញ្ជូន ជំនួយមនុស្សធម៌ ទៅឲ្យអ្នកដែលសមនឹងទទួលបាន ហើយនឹងជួយសម្រួល ដល់សកម្មភាពធ្វើដំណើរ របស់ជនជាតិ បរទេស ។

គួរបញ្ជាក់ថា កិច្ចពិភាក្សា រយៈពេលពីរថ្ងៃក្នុង ទីក្រុងដូហា ប្រទេសកាតា កាលពីចុងសប្ដាហ៍ គឺជាជំនួបការទូតដំបូង រវាងភាគីទាំងពីរ ចាប់តាំងពី សហរដ្ឋអាមេរិក បានចាកចេញពីអាហ្វហ្គានីស្ថាន នៅក្នុងខែសីហា ក្រោយប្រទេសនេះ បានធ្លាក់ចូលដៃពួកតាលីបង់ ស្របពេលអាមេរិក ដកយោធា ៕ ប្រែសម្រួល៖ប៉ាង កុង
