បរទេស៖ អ្នកនាំពាក្យ របស់ប្រធានាធិបតីតួកគី នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសតួកគី បានកំពុងតែធ្វើការពិចារណា ទិញយកយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿង និងធ្វើទំនើបកម្ម ទៅលើយន្តហោះ F-16 របស់ខ្លួនដែលមានស្រាប់ផង ជាមួយនឹងកញ្ចប់លុយ ដែលបានបង់ទៅឲ្យអាមេរិក រួចទៅហើយ ក្នុងការទិញយក F-35 ជំនួសវិញ។
អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក Ibrahim Kalin បានថ្លែងថាជម្រើសដំបូងរបស់តួកគី គឺដើម្បីទិញយន្តហោះចម្បាំង ប្រភេទ F-35 ប៉ុន្តែកន្លងមកអាមេរិក បានបដិសេធមិនព្រមផ្តល់យន្តហោះចម្បាំង ទាំងនេះតាមការសន្យាឡើយ
នៅក្រោយពេលដែលតួកគី ក៏បានប្រកាសទិញយក ប្រព័ន្ធការពារមីស៊ីល របស់រុស្សី S-400 ពីប្រទេសរុស្សី។
លោក Kalin បានបន្តថា ប្រសិនបើមិនមានដំណោះស្រាយល្អទេនោះ តួកគីនៅតែបន្តស្វែងរកវិធីផ្សេងទៀត ជំនួសឲ្យបញ្ហានេះ ហើយមួយក្នុងចំណោមនោះ គឺការប្តូរជាការទិញយក F-16 វិញព្រមទាំងធ្វើទំនើបកម្ម ទៅលើយន្តហោះចម្បាំងចាស់ៗ F-16ផង។
គួរឲ្យដឹងដែរថាបញ្ហាតានតឹង រវាងតួកគីនិងអាមេរិកបានកើនឡើង ចាប់តាំងតែកិច្ចព្រមព្រៀង ទិញប្រព័ន្ធការពារមីស៊ីលពីរុស្សី ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន តែងតែបានប្រកាសជំហប្រឆាំង ជាប់ជានិច្ច៕ ប្រែសម្រួល៖ស៊ុនលី