ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថា នឹងបង្កើតយោធា ដែលមិនអាចឲ្យនរណា យកឈ្នះបានឡើយ

បរទេស ៖ ទូរទស្សន៍BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង បានប្តេជ្ញាថា នឹងបង្កើត “យោធាដែលមិនអាចឈ្នះបាន” នៅចំពោះមុខអ្វីដែលខ្លួននិយាយថា ជាគោលនយោបាយអរិភាព ពីសហរដ្ឋអាមេរិក ។

លោក គីម ជុងអ៊ុន បានឲ្យដឹងទៀតថា ការអភិវឌ្ន៍អាវុធ គឺសម្រាប់ការពារខ្លួន ហើយមិនមែន ដើម្បីចាប់ផ្តើមសង្គ្រាមនោះទេ ។
លោក គីម បានធ្វើអត្ថាធិប្បាយ នៅឯពិព័រណ៍ការពារជាតិដ៏កម្រ ខណៈដែលមានកាំជ្រួចធំៗជាច្រើន ។

ថ្មីៗនេះ កូរ៉េខាងជើង បានសាកល្បងនូវអ្វីដែលខ្លួនអះអាងថា ជាមីស៊ីលល្បឿនលឿននិងប្រឆាំងយន្តហោះថ្មី ។
ទន្ទឹមនឹងនេះដែរ កូរ៉េខាងត្បូង បានសាកល្បងអាវុធដែលបាញ់ ចេញពីនាវាមុជទឹកផ្ទាល់ខ្លួនផងដែរ ។

នៅក្នុងសុន្ទរកថា របស់គាត់នៅឯពិព័រណ៍ការពារខ្លួនឆ្នាំ២០២១ ដែលបានប្រារព្ធឡើងនៅរដ្ឋធានីព្យុងយ៉ាងប្រទេសកូរ៉េខាងជើង លោក គីម បានលើកឡើងអំពីការបង្កើតយោធា នៅភាគខាងត្បូង ហើយបាននិយាយថា កូរ៉េខាងជើង មិនចង់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាងណាមួយនោះទេ ។

លោកបានមានថ្លែងថា “យើងមិនពិភាក្សាអំពីសង្គ្រាមជាមួយនរណា ម្នាក់ទេ ប៉ុន្តែជាការការពារសង្រ្គាមខ្លួនឯង និងបង្កើនន័យក្នុងការការពារ សង្រ្គាមដើម្បីការពារអធិបតេយ្យភាព ជាតិតែប៉ុណ្ណោះ” ។

គេបានមើលឃើញថា លោក គីម ត្រូវបានហ៊ុព័ទ្ធដោយគ្រឿង សព្វាវុធយោធា រួមទាំងរថក្រោះផងដែរ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។

លោក បានថ្លែងថា គ្មានមូលដ្ឋានពីអាកប្បកិរិយា ដើម្បីធ្វើឱ្យកូរ៉េខាងជើង ជឿជាក់ថា សហរដ្ឋអាមេរិក មិនមានអរិភាពនោះទេ ។

សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់ប្រធានាធិបតីលោក Joe Biden បានថ្លែងច្រំដែលមថាខ្លួនមានឆន្ទៈចង់ចរចាជាមួយ នឹងកូរ៉េខាងជើង ប៉ុន្តែបានទាមទារឱ្យទីក្រុងព្យុងយ៉ាង បោះបង់អាវុធនុយក្លេអ៊ែរ នៅមុនពេលទណ្ឌកម្មអាចត្រូវបានបន្ធូរបន្ថយ ។ រហូតមកដល់ពេលនេះ កូរ៉េខាងជើង បានបដិសេធដដែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top