វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងក្រិក បានសម្រេចបន្តកិច្ច ព្រមព្រៀង ការពារជាតិ ទ្វេភាគី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីក្រសួង ការបរទេសក្រិក Nikos Dendias បានចុះហត្ថលេខាលើវិសោធនកម្ម កិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិអាមេរិក-ក្រិក (MDCA) ដែលបានអនុញ្ញាត ឱ្យកងកម្លាំងអាមេរិក ធ្វើការហ្វឹកហាត់ និងប្រតិបត្តិការនៅក្នុងទឹកដីក្រិក តាំងពីឆ្នាំ ១៩៩០ ។
លោក Blinken បានឲ្យដឹងនៅក្នុង ពិធីចុះហត្ថលេខាជាមួយសមភាគី ក្រិក របស់លោកថា“ ការធ្វើបច្ចុប្បន្នភាពនេះ នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះ នៅតែមានសុពលភាពគ្មាន កំណត់ហើយវាអាចជួយឱ្យកងកម្លាំងសហរដ្ឋអាមេរិក នៅប្រទេសក្រិក ធ្វើការបណ្តុះបណ្តាល និងប្រតិបត្តិការពីទីតាំងបន្ថែម” ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយលោក Blinken បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងនេះនឹងអនុញ្ញាតឱ្យប្រទេសក្រិក និងសហរដ្ឋអាមេរិក ជំរុញសន្តិសុខ និងស្ថិរភាពនៅមេឌីទែរ៉ាណេខាងកើត និងលើសពីនេះ ។
លោក Dendias បានឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខាថា ក្រិកកំពុងប្រឈមមុខនឹង“ ការបង្កហេតុប្រចាំថ្ងៃ” នៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដោយកត់សម្គាល់ថា ការពិនិត្យឡើងវិញនៃ MDCA គឺជា“ និមិត្តសញ្ញា និងជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូរយៈពេលវែងរបស់យើង” ។
កិច្ចព្រមព្រៀងនេះបានកើតឡើងប៉ុន្មាន សប្តាហ៍បន្ទាប់ពីក្រិកបានចុះហត្ថលេខាលើភាពជាដៃ គូយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខជាមួយប្រទេសបារាំង ដែលមានតម្លៃជិត ៣ ពាន់លានអឺរ៉ូ (ប្រហែល ៣,៥ ពាន់លានដុល្លារ) រួមទាំងក្រិកទិញនាវាចម្បាំងបារាំង ៣ គ្រឿង ៕
ដោយ ឈូក បូរ៉ា