ព័ត៌មានអន្តរជាតិ

រុស្ស៊ី-អាមេរិក បរាជ័យក្នុងការ រក្សាការសន្យា រារាំង ក្រុមសកម្មប្រយុទ្ធឃឺដស៊ីរី

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគី បានចោទប្រកាន់ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកថា មិនបានគោរពការសន្យារបស់ខ្លួន ក្នុងការដាក់អង្គភាព ការពារប្រជាជនឃឺដ (YPG) ឱ្យឆ្ងាយពីព្រំដែនរបស់ខ្លួន នៅភាគខាងជើងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយសមភាគីនីការ៉ាហ្គួថា“ រុស្ស៊ី និងសហរដ្ឋអាមេរិក ក៏ទទួលខុសត្រូវផងដែរ ចំពោះការវាយប្រហារ នាពេលថ្មីៗនេះ ពីព្រោះពួកគេមិនបានរក្សាពាក្យសម្ដី របស់ពួកគេនោះទេ ។

លោកបានលើកឡើងថា“ យើងនឹងធ្វើអ្វីក៏ដោយ ដើម្បីបោសសំអាតភេរវករទាំងនេះ ចេញពីតំបន់ទាំងនេះ” ។អាជ្ញាធរតួកគីបានឲ្យដឹងថា ប៉ូលីសពីរនាក់មកពីកងកម្លាំង ប្រតិបត្តិការពិសេសតួកគី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយមីស៊ីល ដឹកនាំដោយកងកម្លាំង YPG មកពីទីក្រុងតេលរីហ្វត នៃភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។

អភិបាលខេត្តបានឲ្យដឹងថា គ្រាប់ផ្លោងចំនួន ៥ គ្រាប់ ដែលបាញ់ចេញពីតំបន់ ដែលគ្រប់គ្រងដោយ YPG នៅក្នុងប្រទេសស៊ីរី បានផ្ទុះឡើងនៅក្នុងស្រុក Karkamis នៃខេត្ត Gaziantep ភាគខាងត្បូង។

លោក Cavusoglu បានលើកឡើងថា ការថ្កោលទោសរបស់អាមេរិក ចំពោះការវាយប្រហារ លើប្រទេសតួកគី គឺមិនស្មោះត្រង់នោះទេ ព្រោះទីក្រុងវ៉ាស៊ីនតោន កំពុងបំពាក់អាវុធដល់ក្រុម YPG ។

លោក Cavusoglu សំដៅលើកិច្ចព្រមព្រៀង ដាច់ដោយឡែក ដែលតួកគី បានសម្រេចជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងឆ្នាំ ២០១៩ សម្រាប់ការដកកងកម្លាំង YPG ទៅចម្ងាយ ៣០ គីឡូម៉ែត្រខាងត្បូងព្រំដែនតួកគី នៅភាគខាងជើងប្រទេសស៊ីរី៕ ដោយ ឈូក បូរ៉ា

Most Popular

To Top