ព័ត៌មានអន្តរជាតិ

អាស៊ាន ដកមេដឹកនាំយោធាមីយ៉ានម៉ា ចេញពីកិច្ចប្រជុំកំពូល

បរទេស៖ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ តាមសេចក្តីរាយការណ៍ នឹងអញ្ជើញតំណាងមិនមែន អ្នកនយោបាយមួយរូប ពីប្រទេសមីយ៉ានម៉ា ឲ្យចូលរួមកិច្ចប្រជុំកំពូល ក្នុងតំបន់មួយ នៅក្នុងខែនេះ ហើយនេះជាការបង្ហាញ នូវការមិនពេញចិត្តមិនធ្លាប់មាន ចំពោះមេដឹកនាំយោធា ដែលដឹកនាំរដ្ឋប្រហារ ប្រឆាំងរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោត កាលពីក្នុងខែកុម្ភៈ។

ការសម្រេចចិត្ត ដែលធ្វើឡើងដោយក្រុមរដ្ឋមន្ត្រីការបរទេស មកពីសមាគមអាស៊ាន នៅក្នុងកិច្ចប្រជុំបន្ទាន់ កាលពីយប់ថ្ងៃសុក្រនេះ គឺជាការបោះជំហានដ៏កម្រមួយ សម្រាប់សមាមគក្នុងតំបន់នេះ ដែលពីមុនបង្ហាញនូវការពេញចិត្ត ចំពោះគោលនយោបាយ មិនពាក់ព័ន្ធនិងមិនជ្រៀតជ្រែក។

ក្រសួងការបរទេស នៃប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃសៅរ៍នេះថា ការសម្រេចចិត្តដកមេដឹកនាំ យោធាមីយ៉ានម៉ា លោក Min Aung Hlaing នេះ គឺជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែចាំបាច់ត្រូវតែធ្វើ ដើម្បីរក្សាភាពគួរជឿជាក់របស់អាស៊ាន។
គួរបញ្ជាក់ថា ជនស៊ីវិលជាង១.០០០នាក់ ត្រូវបានកងកម្លាំងសន្តិសុខ មីយ៉ានម៉ាសម្លាប់ និងរាប់ពាន់នាក់ ត្រូវចាប់ខ្លួន នេះបើយោងតាមអង្គការ សហប្រជាជាតិ នៅក្នុងអំឡុងធ្វើការបង្ក្រាប លើកុប្បកម្មនិងបាតុកម្ម ធ្វើឲ្យប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យ របស់ប្រទេស និងជំរុញឲ្យមានការថ្កោលទោស ពីសំណាក់អន្តរជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top