បរទេស៖ គេហទំព័រព័ត៌មាន Walla បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែល បានបង្កើតមូលដ្ឋានស៊ើបការណ៍និងវិភាគ ដើម្បីតាមដានសកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រមូលផ្តុំមូលដ្ឋានសម្ងាត់បំផុតរបស់មន្រ្តីស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល និងក្រុមអ្នកវិភាគ ត្រូវបានបើកដំណើរការក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារលទ្ធផលនៃការកែទម្រង់ប្រព័ន្ធស៊ើបការណ៍សម្ងាត់តាមបែបវិទ្យាសាស្ត្រ។ គេហទំព័រព័ត៌មាននេះបាននិយាយថា ពួកគេកំណត់និងវិភាគសកម្មភាពលាក់កំបាំងរបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានចោទប្រកាន់ថាមានបំណងលាក់បាំងកម្មវិធីនុយក្លេអ៊ែរ។
Walla បានបន្ថែមដោយដកស្រង់សម្តីមន្រ្តីកងទ័ពជាន់ខ្ពស់អ៊ីស្រាអែលថា អ៊ីស្រាអែលបានប្រមូលព័ត៌មានគ្រប់គ្រាន់អំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដោយកត់សម្គាល់ថា បុគ្គលិកមូលដ្ឋានប្រើភាពវ័យឆ្លាតសិប្បនិម្មិត និងបច្ចេកវិទ្យាចុងក្រោយដើម្បីប្រមូលនិងវិភាគទិន្នន័យ។
មូលដ្ឋាននេះក៏ដើរតួយ៉ាងសំខាន់ក្នុងការកំណត់អត្តសញ្ញាណវត្តមានយោធាអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងការវាយប្រហារតាមអាកាសប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់នៅទីនោះ៕ប្រែសម្រួលៈ ណៃ តុលា