ព័ត៌មានអន្តរជាតិ

ចិន ច្រានចោល សេចក្តីរាយការណ៍ ពីការតេស្ត មីស៊ីលលឿនជាងសំឡេង

បរទេស៖ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃចន្ទនេះថា ប្រទេសចិន បានធ្វើការតេស្តសាកល្បង យានអវកាសមួយ កាលពីខែកក្កដា គឺមិនមែនជាមីស៊ីល លឿនជាងសម្លេង សមត្ថភាពនុយក្លេអ៊ែ ដូចដែលកាសែត Financial Times បានរាយការណ៍នោះទេ។

ដោយដកស្រង់សម្តីមនុស្ស៥នាក់ ដែលដឹងអំពីរឿងនោះ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសចិនទើបបានតេស្តមីស៊ីល លឿនជាងសម្លេងសមត្ថភាពនុយក្លេអ៊ែ ដែលបានហោះកាត់ទីអវកាស ធ្វើដំណើរជុំវិញផែនដី មុនពេលធ្លាក់ឆ្ពោះទៅគោលដៅ។

មន្ត្រីនាំពាក្យក្រសួងការបរទេស លោក Zhao Lijian បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង នៅពេលត្រូវគេចោទសួរ អំពីសេចក្តីរាយការណ៍នោះថា វាមិនមែនជាមីស៊ីលនោះទេ វាជាយានអវកាស ហើយលោកបន្ថែមថា វាជាការតេស្តតាមប្រក្រតី សម្រាប់គោលបំណងតេស្តបច្ចេកវិទ្យា ដើម្បីប្រើប្រាស់យានជាថ្មីម្តងទៀត។

តាមសេចក្តីរាយការណ៍ លោក Zhao Lijian បានមានប្រសាសន៍បន្តទៀតថា សារៈសំខាន់នៃការតេស្ត យកមកប្រើប្រាស់ជាថ្មីនោះ គឺថា វាអាចផ្តល់នូវមធ្យោបាយ ធូរថ្លៃនិងងាយស្រួល សម្រាប់មនុស្សជាតិ ធ្វើដំណើរទៅមកពីទីអវកាស ហើយក្រុមហ៊ុនជាច្រើន ក៏បានធ្វើតេស្ត ប្រហាក់ប្រហែលគ្នានេះដែរ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top