វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ថា លោក Colin Powell អតីតរដ្ឋមន្រ្តីការបរទេស អាហ្រ្វិក-អាមេរិកទីមួយ បានទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។
ក្រុមគ្រួសាររបស់ Powell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយនៅលើ Facebook ថា លោក Powell ដែលធ្លាប់ធ្វើជាប្រធាន អគ្គសេនាធិការចម្រុះ មុនពេលតួនាទីរបស់គាត់ជាអ្នកការទូត កំពូលអាមេរិក បានស្លាប់នៅព្រឹកថ្ងៃចន្ទ ថ្វីបើត្រូវបានចាក់វ៉ាក់សាំង ការពារក៏ដោយ ។
ទាហានអាជីព Powell បានក្លាយជាទីប្រឹក្សាសន្តិសុខជាតិ អាហ្រ្វិក-អាមេរិកដំបូងគេ ក្នុងកំឡុងពេលបញ្ចប់តំណែង ប្រធានាធិបតី Ronald Reagan និងជាប្រធានសហសេវិកអាមេរិក ដែលក្មេងជាងគេ និងដំបូងបង្អស់ នៅក្រោមប្រធានសេនាធិការ ចម្រុះក្រោមការដឹកនាំ របស់អតីតប្រធានាធិបតី George H. W. Bush ។
ទោះយ៉ាងណា គាត់ត្រូវបានគេស្គាល់ និងមានភាពចម្រូងចម្រាសបំផុត នៅពេលគាត់បម្រើការជារដ្ឋលេខាធិការ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី George H. W. Bush នៅចន្លោះខែមករាឆ្នាំ២០០១ ដល់ខែមករាឆ្នាំ២០០៥ ទាក់ទងនឹងការជំរុញរបស់គាត់ ចំពោះការលុកលុយដឹកនាំ ដោយអាមេរិក នៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ ក្រោមលេសថា ប្រទេសមជ្ឈឹមបូព៌ា មានអាវុធប្រល័យលោក ដែលមិនដែលត្រូវបានបង្ហាញឱ្យឃើញ ។
នៅក្នុងសុន្ទរកថា មួយទៅកាន់អង្គការ សហប្រជាជាតិ ហៅកាត់(UN) នៅខែកុម្ភៈឆ្នាំ២០០៣ លោក Powell បានបង្ហាញ នូវអ្វី ដែលសហគមន៍ ចារកម្មអាមេរិក បានអះអាងថា ជាភស្តុតាងបញ្ជាក់ថា ប្រទេសអ៊ីរ៉ាក់ បានបោកប្រាស់អ្នកត្រួតពិនិត្យហើយបានលាក់ អាវុធប្រល័យលោក ។
លោក Powell បានថ្លែងដូច្នេះថា “គ្មានការសង្ស័យទេដែលថា (បន្ទាប់មកប្រធានាធិបតីអ៊ីរ៉ាក់) លោក សាដាម ហ៊ូសេន មានអាវុធជីវសាស្ត្រ និងមានសមត្ថភាពផលិត បានយ៉ាងលឿននិងច្រើនទៀតផង” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា