បរទេស ៖ ប្រទេសកូរ៉េខាងជើង ទើបបានធ្វើការបញ្ជាក់ថា ខ្លួនបាញ់តេស្តសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកថ្មី ក្រោយមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង រាយការណ៍ អំពីការបាញ់តេស្តនូវអ្វី ដែលខ្លួននិយាយថា ទំនងជាមីស៊ីល SLBM ពីតំបន់ឆ្នេរខាងកើត របស់ប្រទេសកូរ៉េខាងជើង ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធនេះថា មីស៊ីល SLBM ប្រភេទថ្មី គឺត្រូវបានគេបាញ់ តេស្តសាកល្បង និងបានចេញ នូវរូបថតជាបន្តបន្ទាប់ ។
ទីភ្នាក់ងារសារព័ត៌មានកណ្ដាល របស់កូរ៉េខាងជើង KCNA បាននិយាយថា មីស៊ីលនោះមានបំពាក់ ដោយបច្ចេកវិទ្យានាំផ្លូវគ្រប់គ្រង ដ៏ទំនើបជាច្រើន និងថា វាត្រូវបានបាញ់ចេញពីនាវាតែមួយ ដែលប្រទេសកូរ៉េខាងជើង ធ្លាប់ប្រើក្នុងការធ្វើតេស្ត មីស៊ីល SLBM ដំបូងរបស់ខ្លួន កាលពី៥ឆ្នាំមុន ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងប្រារព្ធធ្វើកិច្ចប្រជុំ សម្ងាត់បន្ទាន់មួយ ស្តីពីប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ តាមការស្នើសុំរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ៕
ប្រែសម្រួល៖ប៉ាង កុង