ព័ត៌មានអន្តរជាតិ

លោក ធ្វើទស្សនកិច្ចអ៊ុយក្រែន បង្ហាញការគាំទ្រអាមេរិកប្រឆាំងការលុកលុយរបស់រុស្ស៊ី 

បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក  Lloyd Austin បានមានប្រសាសន៍ នៅក្នុងអំឡុងធ្វើដំណើរទស្សនកិច្ចទីក្រុងគៀវនៅថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបន្តមានការគាំទ្ររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី និងមានសេរីភាពធ្វើការ សម្រេចចិត្តលើគោលនយោបាយបរទេសផ្ទាល់ខ្លួន។

មន្ទីរបញ្ចកោណនិយាយថា លោក Lloyd Austin បានជួបគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Andrii Taran និងក្រោយមកជាមួយលោកប្រធានាធិបតី  Volodymyr Zelensky សង្កត់ធ្ងន់ថា ភាពជាដៃគូការពារជាតិរបស់អ៊ុយក្រែនជាមួយសហរដ្ឋអាមេរិកនិងណាតូ នៅតែរឹងមាំ។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានធ្វើការអះអាងបែបនេះ ស្របពេលដែលកងទ័ពរុស្ស៊ីបន្តគ្រប់គ្រងលើឧបទ្វីបក្រៃមា និងទីក្រុងមូស្គូគាំទ្រពួកឧទ្ទាមផ្តាច់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ក្នុងដំណើរបះបោរមួយ ដែលបានឆក់យកជីវិតមនុស្ស១៤.០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤មក។
លោក Lloyd Austin ក៏បង្ហាញការគាំទ្រចំពោះស្មារតីអ៊ុយក្រែនចូលរួមក្នុងអង្គការណាតូ ជុំវិញការជំទាស់ពីរុស្ស៊ី និងបានធ្វើការថ្កោលទោសចំពោះការប្រមូលផ្តុំយោធាប្រមាណ១០០.០០០នាក់របស់វិមានក្រឹមឡាំង នៅតាមព្រំដែនអ៊ុយក្រែន កាលពីដើមឆ្នាំនេះ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top