ព័ត៌មានអន្តរជាតិ

ថៃ នឹងអនុញ្ញាត ឲ្យអ្នកទេសចរមក ពីប្រទេសទាំង ៤៦ ចូលទស្សនាប្រទេសនេះ ដោយគ្មានការធ្វើច័តាឡីស័ក

បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានប្រកាសថា ប្រទេសថៃ នឹងអនុញ្ញាតឱ្យអ្នកទេសចរមក ពីប្រទេសចំនួន ៤៦ រួមទាំងជប៉ុនចូលមក ទស្សនាប្រទេសនេះ ដោយគ្មានការ ដាក់ឲ្យនៅដោយឡែក ប្រសិនបើពួកគេបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ -១៩ ពេញលេញ។

អ្នកទេសចរត្រូវបង្ហាញភស្តុតាង ដែលបានធ្វើតេស្តអវិជ្ជមានចំពោះកូវីដ -១៩ មុនពេលចាកចេញ ទៅប្រទេសថៃ ហើយពួកគេក៏នឹងត្រូវធ្វើតេស្ត នៅពេលមកដល់ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

នាយករដ្ឋមន្រ្តីថៃរូបនេះ បានឲ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលថៃ ដំបូងនឹងទម្លាក់តម្រូវការដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកទេសចរមកពី ១០ ប្រទេស ដែលចាត់ទុកថា មានហានិភ័យទាប ចំពោះការរីករាលដាលមេរោគ។

ច្បាប់ថ្មីនេះត្រូវបានគេរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះ ឡើងវិញតាមរយៈការជំរុញឧស្សាហកម្មទេសចរណ៍របស់ខ្លួន។

លោកប្រាយុទ្ធ បានលើកឡើងថា“ ប្រសិនបើយើងរង់ចាំអ្វីៗ គ្រប់យ៉ាងឱ្យបានល្អឥតខ្ចោះនោះយើង នឹងយឺតពេលហើយ” អ្នកទេសចរនឹងសម្រេចចិត្តទៅប្រទេស ផ្សេងជាជាងស៊ូទ្រាំនឹងការ ដាក់ឲ្យនៅដាច់ពីគេ នៅក្នុងប្រទេសថៃ ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសថៃ បានចុះបញ្ជីករណីឆ្លងវីរុសថ្មីចំនួន ៩,៧២៧ ករណីនិងមានអ្នកស្លាប់ចំនួន ៧៣ នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ១,៨២១,៥៧៩ ករណី ដោយមានអ្នកស្លាប់សរុបចំនួន ១៨,៥៥៩ នាក់៕

ដោយ ឈូក បូរ៉ា

Most Popular

To Top