បរទេស៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា ការអភិវឌ្ឍយោធារបស់ប្រទេសអ៊ុយក្រែន ដោយមានការគាំទ្រ ពីលោកខាងលិចបង្ហាញពីការគម្រាមកំហែង ពិតប្រាកដ ចំពោះទីក្រុងមូស្គូ។

នៅក្នុងអំឡុងកិច្ចប្រជុំមួយ របស់ក្លិបពិភាក្សា Valdai Discussion Club ក្នុងទីក្រុង Sochi លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ភាពជាសមាជិកផ្លូវការរបស់ប្រទេសអ៊ុយក្រែន ក្នុងអង្គការណាតូ នឹងមិនអាចកើតមាននោះទេ ប៉ុន្តែដំណើរអភិវឌ្ឍន៍យោធា លើទឹកដី គឺកំពុងតែប្រព្រឹត្តទៅរួចបាត់ទៅហើយ”។
គួរបញ្ជាក់ថា ចំណងមិត្តភាព រវាងអង្គការសម្ពន្ធមិត្តយោធា ណាតូ និងប្រទេសរុស្ស៊ី ក្នុងរយៈពេលថ្មីៗនេះ បានតានតឹងឡើង ហើយទំនាក់ទំនងផ្លូវការ ត្រូវបានកំណត់ឲ្យមានកម្រិត ចាប់តំាងពីទីក្រុងមូស្គូ គ្រប់គ្រងលើឧបទ្វីបគ្រីមា របស់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០១៤។

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍ដូច្នេះថា “នេះពិតជាបង្កការគម្រាមកំហែង ដល់រុស្ស៊ី ហើយយើងដឹងពីរឿងនោះ”។ លោកបន្ថែមទៀតថា ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទៅកាន់ទីក្រុងគៀវ នៅក្នុងសប្ដាហ៍នេះ បានត្រួសត្រាយផ្លូវ ដ៏មានប្រសិទ្ធភាព ឲ្យអ៊ុយក្រែនចូលរួមក្នុងអង្គការណាតូ៕ ប្រែសម្រួល៖ប៉ាង កុង

