បរទេស៖ ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា អាមេរិក នឹងចូលជួយការពារតៃវ៉ាន់ ប្រសិនបើចាំបាច់នោះ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រនេះថា គោលជំហររបស់តៃវ៉ាន់ គឺនៅតែដដែល គឺនឹងមិនចុះញ៉មនឹងសម្ពាធ ឬក៏រុលទៅមុខ នៅពេលទទួលបានការគាំទ្រនោះទេ។
មន្ត្រីនាំពាក្យប្រធានាធិបតី តៃវ៉ាន់ លោក Xavier Chang បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងការថ្លែងរបស់លោក បៃដិន និងធ្វើការកត់សម្គាល់ ចំណាត់ការដ៏រឹងមាំបន្តរបស់រដ្ឋាបាលអាមេរិក បង្ហាញពីការគាំទ្រមុតមាំចំពោះតៃវ៉ាន់ថា តៃវ៉ាន់នឹងបង្ហាញការប្តេជ្ញា យ៉ាងមុតមាំក្នុងកិច្ចការពារខ្លួនឯង។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់ ប្រសិនបើកោះលទ្ធិប្រជាធិបតេយ្យនេះ រងការវាយប្រហារពីចិន ហើយនេះជាការប្រកាសមួយ ទទួលបានការសាទរ ពីទីក្រុងតៃប៉ិ តែបង្កឲ្យទីក្រុងប៉េកាំងខឹង។
នៅសាលនៃទីភ្នាក់ងារសារព័ត៌មាន CNN លោក បៃដិន តាមសេចក្តីរាយការណ៍ ត្រូវបានគេចោទសួរថា តើអាមេរិកនឹងលូកដៃជួយតៃវ៉ាន់ទេ ប្រសិនបើចិនឈ្លានពាននោះ លោកបានឆ្លើយតបថា “បាទ យើងមានការប្តេជ្ញាចិត្តបែបនោះ”៕ ប្រែសម្រួល៖ប៉ាង កុង