បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បានប្តេជ្ញាថា ប្រទេសចិននឹងតែងតែរក្សាសន្តិភាព ពិភពលោក និងក្រឹត្យ ក្រមអន្តរជាតិ ស្របពេល ដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បង្ហាញក្តីព្រួយបារម្ភ ជុំវិញឥទ្ធិពលកើនឡើង របស់ចិនលើពិភពលោកក៏ដោយ ។
ការថ្លែងបែបនេះ របស់លោកប្រធានាធិបតីចិន គឺត្រូវបានធ្វើងឡើង ក្រោយតៃវ៉ាន់ បាននិយាយក្នុងខែនេះថា ភាពតានតឹងយោធា ជាមួយចិន គឺធ្លាក់ដល់ដំណាក់ កាលអាក្រក់បំផុត ក្នុងរយៈពេលជាង៤០ឆ្នាំ ស្របពេលមានក្តីព្រួយ បារម្ភកើន ឡើងថា មហាអំណាចចិន អាចនឹងព្យាយាម ប្រើប្រាស់កម្លាំងយោធា ដណ្ដើមយកកោះតៃវ៉ាន់ ដែលខ្លួនអះអាងថា ជាទឹកដីខ្លួន។
ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានរាយការណ៍ថា នៅក្នុងសុន្ទរកថាក្នុងគម្រប់ខួបលើកទី៥០ នៃការវិលចូលអង្គការសហប្រជាជាតិ របស់ចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ចិននឹងតែងតែជាអ្នកកសាង សន្តិភាពពិភពលោក និងជាអ្នកការពារបទ បញ្ជាអន្តរជាតិ ។
លោកបានបន្តយ៉ាងដូច្នេះថា “ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះអនុត្តរភាព និងនយោបាយអំណាច ឯកតោភាគីនិយម និងលទ្ធិគាំពារនិយម គ្រប់រូបភាពទាំងអស់” ហើយលោកបានស្នើ ឲ្យមានសហប្រតិបត្តិការពិភពលោកខ្លាំងឡើង លើបញ្ហានានា ដូចជាជម្លោះក្នុងតំបន់ អំពើភេរវកម្ម បម្រែបម្រួលអាកាសធាតុ សន្តិសុខអ៊ីនធឺណេត និងជីវសុវត្ថិភាព ៕
ប្រែសម្រួល៖ប៉ាង កុង