ក្រុមហ៊ុន Land Rover បានប្រកាសចេញនូវកំពូលរថយន្ត SUV របស់ខ្លួន គឺ Range Rover ស៊េរីឆ្នាំ២០២២ ដែលទទួលបានការឌីហ្សាញថ្មីជាច្រើន។

ចំពោះការឌីហ្សាញថ្មីរបស់ Range Rover ឆ្នាំ២០២២ អ្វីដែលជាការភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅផ្នែកខាងក្រោយ ជាមួយនឹងការបំពាក់នូវ ចង្កៀងក្រោយបញ្ឈរ រាងស្លីម មើលទៅប្លែកខ្លាំងមែនទែនសម្រាប់ SUV ខ្នាតធំនេះ។


រថយន្ត Range Rover ឆ្នាំ២០២២ នឹងមានជម្រើសតួខ្លួន ២ ប្រភេទ គឺ ស្តង់ដារ (SWB) និងតួវែង (LWB) ហើយវាជាលើកដំបូងបង្អស់ហើយដែលប្រភេទតួវែង មានផ្តល់ជម្រើសកៅអីអង្គុយចំនួន៧ ជាមួយនឹងការបំពាក់បន្ថែមកៅអីជួរទី៣។


ដូចដែលការរំពឹងទុក SUV ប្រណីតនេះមានបំពាក់ បច្ចេកវិទ្យាចុងក្រោយបង្អស់ ជាមួយនឹងមុខងារដំបូងបង្អស់លើរថយន្ត Land Rover គឺ Power-Assisted Doors។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ប្រព័ន្ធកម្សាន្ត Pivi Pro ជំនាន់ចុងក្រោយ លើអេក្រង់ Touchscreen រាងកោង ទំហំ ១៣,១អ៊ីញ ព្រមទាំងកុងទ័រឌីជីថលទំហំ ១៣,៧អ៊ីញ ទៀតផង។


រថយន្ត Range Rover ប្រើប្រាស់គ្រោងឆ្អឹង Modular Longitudinal Architecture ឬ MLA-Flex ដែលផ្តល់នូវភាពប្រសើរចំពោះការបើកបរ ប៉ុន្តែក៏ផ្តល់នូវសំឡេង ស្ងាត់បំផុតនៅលើដងផ្លូវដែរ។ រថយន្តនេះនឹងផ្តល់ជម្រើស ៣ ម៉ូដែល គឺ P400 SE, P530 SE, P530 Autobiography និង P530 First Edition ខណៈម៉ាស៊ីនវិញមាន ២ ជម្រើសដែរ គឺ ម៉ាស៊ីន Mild Hybrid ចំណុះ ៣,០លីត្រ Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៩៥សេះ និង ម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥២៣សេះ។ វាក៏មានប្រើប្រព័ន្ធចង្កូតវិលកង់ទាំង ៤ All-wheel Steering និង ប៉ុងពីរមកស្តង់ដារ តែម្តង។

សូមបញ្ជាក់ថា រថយន្ត Range Rover ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ១០៤ ០០០ដុល្លារ រហូតដល់ទៅ ១៥៨ ២០០ដុល្លារឯណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕
ប្រភព៖ Sabay
