តេអេរ៉ង់ ៖ អ្នកចរចានុយក្លេអ៊ែរ អ៊ីរ៉ង់ លោក Ali Bagheri Kani បានលើកឡើង ថា អ៊ីរ៉ង់បានយល់ព្រម បន្តកិច្ចចរចា ក្នុងគោលបំណង ស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ នៅចុងខែវិច្ឆិកា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani បានសរសេរ នៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំ របស់លោកជាមួយអ្នកសម្របសម្រួល សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ។
លោក Bagheri Kani អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសរសេរថា “យើងមានកិច្ចសន្ទនាដ៏ហ្មត់ចត់ និងស្ថាបនាជាមួយ លោក Enrique Mora លើធាតុសំខាន់ៗ សម្រាប់ការចរចា ប្រកបដោយជោគជ័យ” ។
លោកបានបន្ថែមថា “យើងបានយល់ព្រម ចាប់ផ្តើមការចរចា មុនដំណាច់ខែវិច្ឆិកា យើយកាលបរិច្ឆេទពិតប្រាកដ នឹងត្រូវបានប្រកាស នៅសប្តាហ៍ក្រោយ” ។
លោក Enrique Mora អគ្គលេខាធិការរង នៃសេវាកម្មសកម្មភាព ខាងក្រៅរបស់អឺរ៉ុប បានទៅទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់ កាលពីដើមខែនេះ ហើយបានជួបពិភាក្សា “ល្អ និងស្ថាបនា” ជាមួយលោក Bagheri Kani ដូចដែលក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើអត្ថាធិប្បាយ។
កិច្ចចរចាចំនួន ៦ជុំ ក្នុងគោលបំណងស្តារឡើងវិញ នូវ កិច្ចព្រមព្រៀង អន្តរជាតិឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថាជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ទាក់ទងនឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ និង ការដកទណ្ឌកម្មលើអ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស នៅចន្លោះខែមេសា និងខែកក្កដាឆ្នាំនេះ ប៉ុន្តែត្រូវបានរំខាន ដោយការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ៕
ដោយ ឈូក បូរ៉ា