តូក្យូ ៖ សហរដ្ឋអាមេរិក ចិន និងជប៉ុន បានជជែកគ្នា ពីបញ្ហាសន្តិសុខដែនសមុទ្រ នៅក្នុងកិច្ចប្រជុំកំពូល ក្នុងតំបន់កាលពីថ្ងៃពុធ ដោយប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានចូលរួមក្នុង កិច្ចប្រជុំតាមអ៊ីនធឺណិត ជាលើកដំបូងចាប់ តាំងពីមេដឹកនាំទាំងពីរ ឡើងកាន់តំណែង។
ការប្រមូលផ្តុំនិម្មិត នៃកិច្ចប្រជុំកំពូល អាស៊ីបូព៌ាបានកើតឡើង ខណៈដែលភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន បាននឹងកំពុងកាន់តែខ្លាំង នាពេលថ្មីៗនេះ ជុំវិញបញ្ហាជាច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាសមុទ្រចិនខាងត្បូង និងខាងកើត និងច្រកសមុទ្រតៃវ៉ាន់។
ការចូលរួមរបស់លោក បៃដិន នៅក្នុងកិច្ចប្រជុំនេះ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក មានចេតនាចង់ដណ្ដើមឥទ្ធិពល របស់ខ្លួនឡើងវិញ នៅក្នុងតំបន់ ខណៈដែលប្រទេសចិន បាននិងកំពុងព្យាយាមពង្រឹង ទំនាក់ទំនងជាមួយសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍។
លោក ដូណាល់ ដែលជាអ្នកស្នងតំណែង មុនរបស់លោក បៃដិន ដែលអវត្តមានពីកិច្ចប្រជុំកំពូល ក្នុងតំបន់រយៈពេល ៤ឆ្នាំជាប់គ្នា ក្នុងអំឡុងពេលកាន់តំណែង របស់លោក បានទាក់ទាញការរិះគន់ ចំពោះការខ្វះចំណាប់អារម្មណ៍ របស់លោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដោយកត់សម្គាល់ពីការប្តេជ្ញាចិត្ត “យូរអង្វែង” របស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក លោក បៃដិន បានសម្តែងការព្រួយ បារម្ភលើ “ការគំរាមកំហែង” ចំពោះបទបញ្ជាផ្អែកលើច្បាប់អន្តរជាតិ ហើយបានប្តេជ្ញាឈរ ជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាក្នុងការគាំទ្រ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងសេរីភាពរបស់ប្រជាជន។
លោកបៃដិន ត្រូវបានដកស្រង់សម្ដីថា សហរដ្ឋអាមេរិក នឹងស្វែងយល់ជាមួយដៃគូ “ការអភិវឌ្ឍន៍ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក” ដែលនឹងកំណត់ “គោលបំណងរួម” របស់ពួកគេជុំវិញការសម្របសម្រួល ពាណិជ្ជកម្ម ស្តង់ដារសម្រាប់សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យា ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកផ្សេងៗទៀត ។
បន្ទាប់ពីកិច្ចប្រជុំកំពូលនេះ លោក គីស៊ីដា ដែលបានក្លាយជានាយករដ្ឋមន្ត្រី នៅដើមខែតុលា បានប្រាប់អ្នកសារព័ត៌មានថា លោកបានបង្ហាញពី “ជំហររឹងមាំ” របស់ប្រទេសជប៉ុន ស្តីពីសន្តិសុខដែនសមុទ្រ នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត ទៅកាន់មេដឹកនាំនៃប្រទេសដទៃទៀត៕
ដោយ ឈូក បូរ៉ា