បរទេស ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស រុស្ស៊ី នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ដល់ប្រទេសជិតខាង របស់អាហ្វហ្គានីស្ថាន ឲ្យធ្វើការបដិសេធ មិនទទួលឲ្យមានវត្តមាន កងកម្លាំងយោធា របស់សហរដ្ឋអាមេរិក ឬក៏អង្គការណាតូ ក្រោយអាមេរិកនិងណាតូបានដកទ័ព ចេញពីប្រទេស អាហ្វហ្គានីស្ថាន ។
វិមានក្រឹមឡាំង នាពេលបច្ចុប្បន្ននេះ កំពុងតែមានក្តីព្រួយបារម្ភពីហានិភ័យ ដែលពួកសកម្មប្រយុទ្ធឥស្លាម ជ្រុលនិយម ហៀរចេញពីប្រទេសអាហ្វហ្គានីស្ថាន ចូលទៅក្នុងតំបន់ អាស៊ីកណ្ដាល ហើយនឹងធ្វើការបដិសេធ ចំពោះគំនិតលោកខាងលិច ទទួលបានទីឈរជើង នៅក្នុងតំបន់ ដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀត ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានមានប្រសាសន៍ប្រាប់ យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថាន មិនអនុញ្ញាតឲ្យមានវត្តមាន យោធា របស់សហរដ្ឋអាមេរិក និងកងកម្លាំងអង្គការណាតូ ដែលគ្រោងបញ្ជូនទៅទីនោះ ក្រោយបានចាកចេញពីទឹកដី នៃប្រទេសអាហ្វហ្គានីស្ថាន”។
តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេស របស់ប្រទេសរុស្ស៊ីរូបនេះ បានមានប្រសាសន៍ថា វាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីទប់ស្កាត់និងគ្រប់គ្រង លំហូអន្តោប្រវេសន៍ ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា បក្សពួក នៃក្រុមឧក្រិដ្ឋជននិងពួកភេរវករ កំពុងតែព្យាយាមជ្រៀត ចូលទៅក្នុងប្រទេសជិតខាង របស់អាហ្វហ្គានីស្ថាន ដោយក្លែងជាជនភៀសខ្លួន ៕
ប្រែសម្រួល៖ប៉ាង កុង