ព័ត៌មានអន្តរជាតិ

ចិន ប្រាប់ឲ្យអាមេរិក បញ្ឈប់ ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងឯករាជ្យតៃវ៉ាន់

ប៉េកាំង៖ ប្រទេសចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ស្តីពីបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុសឆ្គងទៅកាន់កងកម្លាំង “ឯករាជ្យភាពតៃវ៉ាន់” និងចាត់វិធានការជាក់ស្តែង ដើម្បីរក្សាមូលដ្ឋានគ្រឹះនយោបាយនៃប្រទេសចិន-សហរដ្ឋអាមេរិក នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​។

អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ស្តីពី “ការគាំទ្រការចូលរួមដ៏មានអត្ថន័យរបស់តៃវ៉ាន់នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ”។

លោក Zhao បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បានបំពានយ៉ាងខ្លាំងលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ វាប្រឆាំងនឹងការប្តេជ្ញាចិត្ត ដែលសហរដ្ឋអាមេរិកបានធ្វើ ប្រឆាំងនឹងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងបានបញ្ជូនសញ្ញាខុសឆ្គងយ៉ាងខ្លាំងទៅកាន់ កម្លាំងឯករាជ្យរបស់តៃវ៉ាន់។

លោក Zhao បានបន្ដថា “ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងដាច់អហង្ការ” ដោយបន្ថែមថា ប្រទេសចិន បានបង្ហាញជំហររបស់ខ្លួនយ៉ាងច្បាស់ និងបានតំណាងយ៉ាងឱឡារិក ចំពោះសហរដ្ឋអាមេរិក អំពីរឿងនេះ។

មានប្រទេសចិនតែមួយគត់ នៅលើពិភពលោក ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ដោយសង្កត់ធ្ងន់ថា តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។

អ្នកនាំពាក្យបានបន្ថែមថា “ប្រទេសសរុបចំនួន ១៨០ប្រទេស រួមទាំងសហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាននៃការគោរពតាមគោលការណ៍ចិនតែមួយ”។ “គោលការណ៍ចិនតែមួយ គឺជាការឯកភាពរបស់សហគមន៍អន្តរជាតិ និងជាបទដ្ឋានមូលដ្ឋាន ដែលត្រូវបានទទួលស្គាល់ជាសកលសម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដែលមិនអនុញ្ញាតឱ្យមានការប្រឈមឯកតោភាគី ឬការបំភ្លៃដោយសហរដ្ឋអាមេរិកឡើយ”៕ដោយ ឈូក បូរ៉ា

Most Popular

To Top